រដ្ឋមន្ត្រីការពារជាតិអាហ្សង់ទីនលាលែងពីតំណែងទៅកាន់សភា
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្សង់ទីន លោក ល្វីស ប៉េទ្រី (Luis Petri) បានដាក់លិខិតលាលែងពីតំណែងរបស់លោកដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៩ខែធ្នូ មុនពេលចូលកាន់តំណែងជាអនុប្រធានសភាជាតិ។
មន្ត្រីរូបនេះបានលាលែងពីតំណែងជាសាធារណៈជាមួយនឹងលិខិតបើកចំហមួយផ្ញើទៅកាន់ប្រធានាធិបតីអាហ្សង់ទីន លោក ចាវយឺ មីឡី (Javier Milei) ដែលក្នុងនោះលោកបានសម្តែងការដឹងគុណចំពោះកិត្តិយសនៃការបម្រើការងារនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក និងបេសកកម្មនៃការកសាងឡើងវិញនូវសមត្ថភាពប្រតិបត្តិការនៃប្រព័ន្ធការពារជាតិ និងការធ្វើទំនើបកម្មកងទ័ព។
លោក ប៉េទ្រី បានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលលោក មីឡី ឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រទេស។ មន្ត្រីដែលចាកចេញពីតំណែងនឹងត្រូវជំនួសដោយនាយសេនាធិការកងទ័ព គឺលោកឧត្តមសេនីយ៍ឯក កាឡូស ប្រេសទី(Carlos Presti)។
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





