លោក លូកាសេនកូ អនុម័តផែនការការពារជាតិរបស់ប្រទេសបេឡារុស្សសម្រាប់ឆ្នាំ ២០២៦-២០៣០
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- លោក ប៉ាវែល មូរ៉ាវេយកូ (Pavel Muraveiko) អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទី១ បានមានប្រសាសន៍ថា ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បានអនុម័តផែនការការពារជាតិរបស់ប្រទេសសម្រាប់ឆ្នាំ២០២៦-២០៣០។
បន្ទាប់ពីសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក មូរ៉ាវេយកូ បាននិយាយថា ប្រធានាធិបតីបេឡារុស្សបានពិនិត្យ និងអនុម័តឯកសារទាំងអស់ដែលគូសបញ្ជាក់ពីដំណើរការសកម្មភាពរបស់ប្រទេសជាតិ ដើម្បីធានាសន្តិសុខ និងការពារជាតិយោធារបស់ខ្លួន។ លោកបានបន្ថែមថា ការរៀបចំដើម្បីអនុម័តជាផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំកំពុងដំណើរការហើយ។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការធ្វើយោធាភាវូបនីយកម្មជាបន្តបន្ទាប់របស់ប្រទេសលោកខាងលិច ជាពិសេសប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសបេឡារុស្ស។
លោក អាឡិចសាន់ដឺ វ៉ុលហ្វូវីច (Alexander Volfovich) លេខាធិការក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា វិធានការដែលបានរៀបចំទាំងអស់គឺមានគោលបំណងការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីតែប៉ុណ្ណោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





