ស្លាប់ ១៩នាក់ក្នុងហេតុការណ៍បាក់អគារ២ខ្នងនៅប្រទេសម៉ារ៉ុក
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៩នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស នៅពេលដែលអគារ ២ខ្នងបានបាក់រលំក្នុងទីក្រុងហ្វេស នៅប្រទេសម៉ារ៉ុក។
អគារទីមួយបានបាក់រលំបន្តិចម្តងៗនៅម៉ោងប្រហែល ១១:០០នាទីយប់(ម៉ោងក្នុងស្រុក)នៅក្នុងសង្កាត់អាល់ មូស្តាកបាល់ ក្នុងតំបន់ជាយក្រុងហ្វេស បន្ទាប់មកមួយសន្ទុះក្រោយមក អគារទី២ ដែលនៅជាប់គ្នាមានកម្ពស់បួនជាន់។
យោងតាមអាជ្ញាធរមូលដ្ឋាន សេវាសង្គ្រោះបន្ទាន់ ប៉ូលីស ភ្នាក់ងារពន្លត់អគ្គីភ័យ បុគ្គលិកសង្គ្រោះបន្ទាន់ និងក្រុមឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសម៉ារ៉ុក បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះ ដើម្បីអនុវត្តន៍ប្រតិបត្តិការជួយសង្គ្រោះ។ អាជ្ញាធរបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





