ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅប្រទេសបង់ក្លាដែសកើនលើសពី ៤០០នាក់នៅឆ្នាំ ២០២៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមតួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញកាលពីថ្ងៃពុធថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមបានសម្លាប់មនុស្សចំនួន ៤០១នាក់រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះនៅប្រទេសបង់ក្លាដែស។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានសេវាសុខភាព (DGHS) ក្រោមក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនសរុបនៃករណីជំងឺគ្រុនឈាមបានកើនឡើងដល់ ៩៨.៧០៥ករណីចាប់តាំងពីខែមករានៅក្នុងប្រទេសនេះ។
ប្រទេសបង់ក្លាដែសបានកត់ត្រាការស្លាប់បន្ថែមចំនួន ៣ករណី និងការឆ្លងជំងឺគ្រុនឈាមបន្ថែមចំនួន ៤២១ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយរហូតដល់ម៉ោង ៨:០០ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ។
យោងតាម DGHS បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមមានចំនួន ៤០១នាក់ រួមទាំង ១៩ករណីរហូតមកដល់ពេលនេះនៅក្នុងខែធ្នូ និង ១០៤ករណី ក្នុងខែវិច្ឆិកា និង ៨០ករណី ក្នុងខែតុលា។រហូតមកដល់ពេលនេះ ករណីជំងឺគ្រុនឈាមសរុបចំនួន ៤.៣០៨ករណីត្រូវបានកត់ត្រាក្នុងខែធ្នូ បើប្រៀបធៀបទៅនឹង ២៤.៥៣៥ករណីក្នុងខែវិច្ឆិកា។
ដើម្បីប្រយុទ្ធប្រឆាំងនឹងចំនួនករណីជំងឺគ្រុនឈាមកើនឡើង អាជ្ញាធរសុខាភិបាលបង់ក្លាដែសបានពង្រឹងវិធានការ ដើម្បីត្រួតពិនិត្យការបង្កាត់ពូជរបស់សត្វមូស និងធ្វើប្រតិបត្តិការប្រឆាំងនឹងដង្កូវ។
ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈការខាំរបស់សត្វមូសអេដេស(Aedes) ដែលមានមេរោគ។ ជំងឺនេះមានរោគសញ្ញាដូចជា ឈឺក្បាលគ្រុនក្តៅខ្លាំង អស់កម្លាំង ឈឺសាច់ដុំ និងសន្លាក់ធ្ងន់ធ្ងរ ហើមក្រពេញ ក្អួត និងមានកន្ទួលរមាស់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





