សម្ភារៈសង្គ្រោះបន្ទាន់ជាជំនួយមនុស្សធម៌របស់ប្រទេសចិនបានមកដល់ទីក្រុងកូឡុំបូ
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- សម្ភារៈសង្គ្រោះបន្ទាន់ជាជំនួយមនុស្សធម៌សម្រាប់ទឹកជំនន់ដែលផ្តល់ដោយរដ្ឋាភិបាលចិនបានមកដល់ទីក្រុងកូឡុំបូ ហើយត្រូវបានប្រគល់ជូនភាគីស្រីលង្កា។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្រីលង្កា លោក គី ហ្សេនហុង (Qi Zhenhong) រដ្ឋមន្ត្រីក្រសួងកំពង់ផែ និងអាកាសចរណ៍ស៊ីវិលស្រីលង្កាលោក អានូរ៉ា ការូណាធីឡេក (Anura Karunathilake) និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អានូរ៉ា ចាយ៉ាសេកេរ៉ា (Aruna Jayasekera)បានចូលរួមក្នុងពិធីប្រគល់សម្ភារៈនេះ។
លោក ការូណាធីឡេក បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយទាន់ពេលវេលា និងសប្បុរសរបស់ប្រទេសចិន ដោយលោកបានកត់សម្គាល់ថា សម្ភារៈដែលបានប្រគល់ជូនគឺជាអ្វីដែលប្រទេសស្រីលង្កាកំពុងត្រូវការជាបន្ទាន់។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែផ្តល់ជំនួយដល់ប្រទេសស្រីលង្កានៅគ្រប់គ្រាលំបាកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ លោកបានបន្ថែមថា នៅចំពោះមុខគ្រោះមហន្តរាយបច្ចុប្បន្ន រដ្ឋាភិបាលចិន សហគ្រាសចិន និងប្រជាជនចិននៅប្រទេសស្រីលង្កាបានផ្តល់ការគាំទ្រយ៉ាងសំខាន់។
លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនចំពោះជំនួយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងបានបញ្ជាក់ជាថ្មីនូវក្តីសង្ឃឹមរបស់លោកថា មិត្តភាពរវាងប្រទេសស្រីលង្កា និងចិននឹងស្ថិតស្ថេរ
លោក គី បាននិយាយថា នៅចំពោះមុខគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរនេះ នាយកដ្ឋានពាក់ព័ន្ធទាំងអស់របស់ប្រទេសចិនបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីផ្តល់ជំនួយដល់ភាគីស្រីលង្កា។ សម្ភារៈផ្គត់ផ្គង់ដែលរួមមានតង់ ក្រណាត់ គ្រែ អាវការពារជីវិត និងភួយ គឺជាផ្នែកមួយនៃជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនដល់ប្រទេសស្រីលង្កា។
លោកបានកត់សម្គាល់ថា ក្រុមហ៊ុនចិន និងជនជាតិចិននៅប្រទេសស្រីលង្កាក៏បានចាត់វិធានការយ៉ាងសកម្មដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយក្នុងស្រុកផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ការគាំទ្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនបង្ហាញជាថ្មីម្តងទៀតថា ប្រទេសចិនគឺជាមិត្តល្អ និងជាមិត្តពិតដ៏គួរឱ្យទុកចិត្តរបស់ប្រទេសស្រីលង្កា។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ប្រទេសស្រីលង្កាថ្មីៗនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែអាកាសធាតុអាក្រក់ដែលបង្កឡើងដោយព្យុះស៊ីក្លូនឌីតវ៉ា បានសម្លាប់មនុស្សជាង ៦០០នាក់ ប៉ះពាល់ដល់មនុស្សជាង ២លាននាក់ បំផ្លាញផ្ទះជាង ៤.០០០ខ្នង និងខូចខាតដោយផ្នែកខ្លះនៃផ្ទះជាង៦០.០០០ខ្នងទូទាំងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





