ទីក្រុងសេអ៊ូលនឹងលើកកម្ពស់ការប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាពនៅឯកិច្ចប្រជុំ UNOC នាពេលខាងមុខនៅប្រទេសកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងមហាសមុទ្ររបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា នៅក្នុងសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ (UNOC) ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនាឆ្នាំ២០២៨ ខ្លួននឹងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េខាងត្បូងចំពោះការប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព។
នៅថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយនៅក្នុងកិច្ចប្រជុំពេញអង្គ ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក ដោយកំណត់យកប្រទេសកូរ៉េខាងត្បូង និងឈីលី ជាប្រទេសម្ចាស់ផ្ទះពីររបស់មហាសន្និបាត UNOC។
ក្រសួងមហាសមុទ្រ និងនេសាទបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសឈីលីនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតខ្ពស់មួយនៅក្នុងឆ្នាំ២០២៧ មុនពេលព្រឹត្តិការណ៍សំខាន់ដែលនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងនៅឆ្នាំបន្ទាប់។
ក្រសួងមានគម្រោងប្រើប្រាស់ឱកាសនេះដើម្បីលើកកម្ពស់បច្ចេកវិទ្យាឧស្សាហកម្ម និងគំនិតផ្តួចផ្តើមគោលនយោបាយផ្សេងៗទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ។
ក្រសួងបានបន្ថែមថា ក្រសួងក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនាយកដ្ឋានសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ (DESA) សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។
លោក ជុន ជេ-ស៊ូ (Chun Jae-soo) រដ្ឋមន្ត្រីក្រសួងមហាសមុទ្រត្រូវបានដកស្រង់សម្តីដែលបាននិយាយថា «យើងមានគម្រោងប្រើប្រាស់ព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីដាក់ប្រទេសកូរ៉េខាងត្បូងជាមហាអំណាចមហាសមុទ្រសកលលោក»។
ដោយកត់សម្គាល់នៃការប្រារព្ធមហាសន្និបាតនេះជាលើកទីបួនរបស់ខ្លួន ព្រឹត្តិការណ៍រយៈពេលបីឆ្នាំម្តងនេះនឹងមានគោលបំណងគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ១៤ របស់អង្គការសហប្រជាជាតិ គឺ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





