កូរ៉េខាងត្បូងបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយបក្សីបន្ថែមចំនួន ២ករណី
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីពីរករណីបន្ថែមទៀត ដែលបង្កើនចំនួនសរុបនៃការឆ្លងនៅកសិដ្ឋានចិញ្ចឹមសត្វនៅរដូវកាលនេះដល់ទៅ ១០ករណី។
យោងតាមអាជ្ញាធរកសិកម្មរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ករណីឆ្លងថ្មីទាំងនេះត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់ពងមួយកន្លែងក្នុងទីក្រុងឆឹណាន ខេត្តជុងជឹងខាងត្បូង និងនៅទីក្រុងអានសឹង ខេត្តក្យឹងគី។
អាជ្ញាធរបាននិយាយបន្ថែមថា អាជ្ញាធរកំពុងអនុវត្តវិធានការតាមដានរួមទាំងការគ្រប់គ្រងការចូល ការសម្លាប់សត្វ និងការស៊ើបអង្កេតរោគរាតត្បាត។
មន្ត្រីម្នាក់មកពីក្រសួងកសិកម្មបាននិយាយថា «យើងសូមស្នើសុំឱ្យកសិដ្ឋាននានាពង្រឹងវិធានការចត្តាឡីស័ក ដើម្បីការពារជំងឺនេះពីការរីករាលដាលទៅកាន់តំបន់ជុំវិញនៃខេត្តក្យឹងគី និងខេត្តជុងជឹងខាងត្បូង ដែលបានរាយការណ៍ពីករណីឆ្លងជាច្រើននៅរដូវកាលនេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





