កូរ៉េខាងត្បូងបង្ហាញផែនការ ៥៣៤ប៊ីលានដុល្លារអាម៉េរិក ដើម្បីនាំមុខការប្រកួតប្រជែងបន្ទះឈីបសកលលោកក្នុងយុគសម័យបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងបានបង្ហាញផែនការដ៏មានមហិច្ឆតាមួយកាលពីថ្ងៃពុធ ដើម្បីវិនិយោគទឹកប្រាក់ចំនួន៧០០ទ្រីលានវ៉ុន (៥៣៤ប៊ីលានដុល្លារអាម៉េរិក) ដើម្បីជំរុញវិស័យអេឡិចត្រូនិករបស់ខ្លួន និងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងបន្ទះឈីបសកលលោក ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងផ្លាស់ប្តូរពីឧស្សាហកម្មដែលគ្របដណ្ដប់ដោយអង្គចងចាំទៅជាប្រព័ន្ធអេកូឡូស៊ីដែលមានតុល្យភាព និងជំរុញដោយនវានុវត្តន៍ ដែលលាតសន្ធឹងលើខ្សែសង្វាក់តម្លៃអេឡិចត្រូនិកទាំងមូល។
នៅក្នុងសន្និសីទគោលនយោបាយមួយក្រោមប្រធានបទ «ចក្ខុវិស័យនិងយុទ្ធសាស្ត្រសម្រាប់ K-Semiconductors ក្នុងយុគសម័យ AI» ដែលបានធ្វើឡើងនៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងយ៉ុងសានប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងបណ្តារដ្ឋមន្ត្រីនានា បានគូសបញ្ជាក់អំពីផែនការរយៈពេលមធ្យមទៅរយៈពេលវែងរបស់រដ្ឋាភិបាល សម្រាប់ធានាបាននូវឧត្តមភាពបន្ទះឈីប។មនុស្សប្រហែល ៤០នាក់បានចូលរួមកម្មវិធីនេះ ដោយរួមមានទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងសំខាន់ៗ នាយកប្រតិបត្តិមកពីក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង និងក្រុមហ៊ុន SK Hynix ព្រមទាំងអ្នកតំណាងឧស្សាហកម្ម និងអ្នកសិក្សាផងដែរ។
ដើម្បីឈានទៅមុខហួសពីការគ្របដណ្ដប់របស់កូរ៉េខាងត្បូងក្នុងវិស័យបន្ទះឈីបអង្គចងចាំ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងពន្លឿនការស្រាវជ្រាវទៅលើឧបករណ៍អេឡិចត្រូនិចជំនាន់ក្រោយ ដោយសន្យាផ្តល់ថវិកាចំនួន២១,៦ប៊ីលានវ៉ុនសម្រាប់បច្ចេកវិទ្យាអង្គចងចាំនាពេលអនាគតនៅត្រឹមឆ្នាំ២០៣២ ថវិកាចំនួន ១២៦,៨ប៊ីលានវ៉ុនសម្រាប់បន្ទះឈីប AI នៅត្រឹមឆ្នាំ២០៣០ ថវិកាចំនួន ២៦ប៊ីលានវ៉ុនសម្រាប់ឧបករណ៍អេឡិចត្រូនិកចសមាសធាតុ និងថវិកា ៣៦ប៊ីលានវ៉ុនសម្រាប់ការវេចខ្ចប់ទំនើបនៅត្រឹមឆ្នាំ២០៣១៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





