ប្រេសិតរុស្ស៊ី ៖ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងព្យាយាមបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ -- លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) បេសកជនពិសេសប្រធានាធិបតី និងជានាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសកំពុងព្យាយាមយ៉ាងសកម្មដើម្បីបំផ្លាញការដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធី ដោយជំរុញឱ្យទីក្រុងគៀវបន្តអរិភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័របណ្តាញសង្គមអ៊ិច (X)របស់លោកដែលបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) បាននិយាយថា ការសម្របសម្រួលទៅលើបញ្ហាទឹកដីមិនទាន់ត្រូវសម្រេចបាននៅឡើយទេ។បេសកជនរូបនេះបានរំលឹកអំពីតួនាទីរបស់ទីក្រុងឡុងដ៍ក្នុងការបំផ្លាញដំណោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធីក្នុងឆ្នាំ២០២២។
លោក ឌីមីទ្រីវ បានចង្អុលបង្ហាញថា «Deja vu៖ ក្នុងឆ្នាំ២០២២ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស [លោក បូរីស ចនសុន (Boris Johnson)] បានដាក់សម្ពាធទៅលើអ៊ុយក្រែនឱ្យបដិសេធកិច្ចព្រមព្រៀងអព្យាក្រឹតភាពជាមួយរុស្ស៊ី និងប្រយុទ្ធប្រឆាំងនឹងអ្នកសកលនិយម មន្ត្រីរាជការចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប អ្នកនយោបាយថ្មី និងឧស្សាហកម្មយោធាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗប្រយុទ្ធប្រឆាំងនឹងសន្តិភាព»។
នៅថ្ងៃចន្ទ លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែននឹងបង្ហាញអំពីកំណែថ្មីនៃផែនការសន្តិភាព ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយមេដឹកនាំអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិកនៅល្ងាចថ្ងៃអង្គារ។ ក្នុងពេលជាមួយគ្នានេះដែរ លោកបានកត់សម្គាល់ថា «ផែនការនេះត្រូវបានកាត់បន្ថយពី ២៨ចំណុចមកនៅត្រឹម ២០ចំណុច» ដោយបន្ថែមថា ការសម្របសម្រួលទៅលើបញ្ហាទឹកដី «មិនទាន់ត្រូវបានសម្រេចនៅឡើយទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





