វិមានក្រឹមឡាំង ៖ រុស្ស៊ីទាក់ទងជាមួយសហរដ្ឋអាមេរិក ដោយរង់ចាំលទ្ធផលនៃកិច្ចពិភាក្សាជាមួយទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីតែងតែទាក់ទងជាមួយមន្ត្រីអាម៉េរិក ដោយរង់ចាំលទ្ធផលនៃកិច្ចពិភាក្សាអំពីផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកជាមួយអ៊ុយក្រែន។
នៅពេលសួរថា តើរុស្ស៊ី និងសហរដ្ឋអាមេរិកបានទាក់ទងគ្នាបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ជាមួយបេសកជនអាម៉េរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ចារ៉េដ គូស្ន័រ (Jared Kushner) ដែរឬទេ? លោកបាននិយាយថា «[ការទំនាក់ទំនង] កំពុងដំណើរការ ប៉ុន្តែមិនមានទំនាក់ទំនងជាមួយកិច្ចពិភាក្សាទាំងនេះទេ។ កិច្ចពិភាក្សាឥឡូវនេះពាក់ព័ន្ធនឹង [សហរដ្ឋអាមេរិក និង] ទីក្រុងគៀវ»។
លោក ប៉េសកូវ បានបន្ថែមថា «យើងកំពុងរង់ចាំលទ្ធផលនៃកិច្ចពិភាក្សាទាំងនេះ»។ លោកបានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់បានបន្តនៅកម្រិតនៃការចូលរួមបច្ចុប្បន្ន។
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននិងបេសកជនពិសេសរបស់មេដឹកនាំអាម៉េរិក លោក ស្ទីវ វីតកូហ្វ និងកូនប្រសាររបស់លោក ត្រាំ គឺអ្នកជំនួញ លោក ចារ៉េដ គូស្ន័រ បានបញ្ចប់កិច្ចចរចារបស់ពួកគេបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅទីក្រុងម៉ូស្គូ។ ជំនួយការរបស់លោក ពូទីន គឺលោក យូរី អ៊ូស្សាកូវ (Yury Ushakov) បានពិពណ៌នាអំពីកិច្ចប្រជុំនេះថាមានលក្ខណៈស្ថាបនា និងមានអត្ថន័យ។ ភាគីនានាបានពិភាក្សាគ្នាអំពីជម្រើសជាច្រើននៃផែនការសន្តិភាព រួមទាំងបញ្ហាទឹកដីហើយបានព្រមព្រៀងគ្នារក្សាទំនាក់ទំនង។
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានបញ្ចប់កិច្ចចរចារយៈពេលបីថ្ងៃនៅរដ្ឋផ្លរីដា។ បន្ទាប់ពីកិច្ចចរចា លោក វីតកូហ្វ និងលោក គូស្ន័រ បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី។យោងតាមគេហទំព័រសារព័ត៌មាន Axios បានឱ្យដឹងថា កិច្ចចរចាទាំងនេះត្រូវបានរៀបចំឡើងដើម្បីស្វែងរកវិធីសាស្រ្តថ្មីមួយដើម្បីដោះស្រាយបញ្ហាទឹកដី៕





