លោក ដូណាល់ ត្រាំ ៖ ជម្លោះនៅអ៊ុយក្រែនទំនងជាមិនរីករាលដាលក្លាយជាសង្គ្រាមលោកលើកទី៣ ទេ
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់កាសែត Politico ក្នុងបទសម្ភាសន៍មួយថា ជម្លោះនៅអ៊ុយក្រែននឹងមិនរីករាលដាលទៅជាសង្គ្រាមលោកលើកទី៣ ទេ។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបាននិយាយថា «និយាយឱ្យត្រង់ទៅវានឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំនៅជាប្រធានាធិបតី <...> វាមិនអាចវិវត្តទៅជាសង្គ្រាមលោកលើកទី៣ ទេ។ ខ្ញុំគិតថា វាប្រហែលជាមិនកើតឡើងនៅពេលនេះទេ»។
យោងតាមលោក ត្រាំ បានឱ្យដឹងថា ជម្លោះនៅអ៊ុយក្រែន គឺជាបញ្ហាធំមួយសម្រាប់អឺរ៉ុប ដែលពួកគេមិនអាចដោះស្រាយបានល្អ។
កាលពីខែវិច្ឆិកា ទីក្រុងវ៉ាស៊ីនតោនបានស្នើឡើងនូវផែនការដំណោះស្រាយជម្លោះនៅអ៊ុយក្រែនចំនួន ២៨ចំណុច ដែលបង្កឱ្យមានការមិនពេញចិត្តសម្រាប់ទីក្រុងគៀវ និងក្នុងចំណោមដៃគូរបស់ខ្លួននៅអឺរ៉ុប។នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានធ្វើកិច្ចពិគ្រោះយោបល់នៅទីក្រុងហ្សឺណែវ។ ក្រោយមក លោក ត្រាំ បាននិយាយថា ផែនការសន្តិភាពដើមរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ដោយគិតគូរពីគោលជំហររបស់ទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដោយបន្សល់ទុកតែបញ្ហាចម្រូងចម្រាសមួយចំនួនតូចប៉ុណ្ណោះ។ នៅថ្ងៃទី៣០ ខែវិច្ឆិកាសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានធ្វើកិច្ចពិគ្រោះយោបល់នៅរដ្ឋផ្លរីដាដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះ ដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ការរំពឹងទុកសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែន និងបញ្ហាទឹកដី។
នៅថ្ងៃទី០៣ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងបេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) រួមជាមួយកូនប្រសាររបស់លោក ត្រាំ គឺជាអ្នកជំនួញលោក ចារ៉េដ គូស្ន័រ (Jared Kushner) បានបញ្ចប់កិច្ចចរចារបស់ពួកគេបន្ទាប់ពីម៉ោង ១២:០០យប់ នៅទីក្រុងម៉ូស្គូ។ យោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី អ៊ូស្សាកូវ (Yuri Ushakov) បានឱ្យដឹងថា កិច្ចប្រជុំនេះមានលក្ខណៈស្ថាបនា និងមានអត្ថន័យ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីជម្រើសជាច្រើនសម្រាប់ផែនការសន្តិភាព រួមទាំងបញ្ហាទឹកដី ហើយបានព្រមព្រៀងបន្តទំនាក់ទំនង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





