ហ្វីលីពីនផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសអេស្ប៉ាញដោយសារជំងឺផ្តាសាយជ្រូកអាហ្រ្វិក
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងកសិកម្មហ្វីលីពីន (DA) បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានផ្អាកការនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ ដោយសារតែការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។
លោក ហ្រ្វេនស៊ីស្កូ ទុយ ឡូរែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយថា ការផ្អាកការនាំចូលដែលគ្របដណ្តប់លើសត្វជ្រូករស់ សាច់ជ្រូក ស្បែកជ្រូក និងសូម្បីតែទឹកកាមសម្រាប់បង្កាត់ពូជសិប្បនិម្មិតនេះ នឹងមិនប៉ះពាល់ដល់តម្លៃ ឬការផ្គត់ផ្គង់នោះទេ។
ការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ ដែលចេញដោយអាជ្ញាធរពេទ្យសត្វអេស្ប៉ាញទៅកាន់អង្គការសុខភាពសត្វពិភពលោក បានបញ្ជាក់ពីករណីជំងឺ ASF ក្នុងចំណោមជ្រូកព្រៃនៅទីក្រុងសាបាឌែល ទីក្រុងវ៉ាល់ឡេស អុកស៊ីឌែនថល និងទីក្រុងបាសេឡូណា។
មានតែផលិតផលសាច់ជ្រូកកកដែលផលិតនៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៥ ឬមុនកាលបរិច្ឆេទនេះ ហើយផ្ទុក កំពុងដឹកជញ្ជូន ឬទទួលយកនៅកំពង់ផែនៅត្រឹមថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសហ្វីលីពីន។ ការដឹកជញ្ជូនដែលផលិតបន្ទាប់ពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





