ហូឡង់សន្យាផ្តល់ជំនួយបន្ថែមចំនួន ៧០០លានអឺរ៉ូដើម្បីគាំទ្រដល់អ៊ុយក្រែននៅឆ្នាំក្រោយ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលហូឡង់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហូឡង់បានសន្យាផ្តល់ជំនួយបន្ថែមចំនួន៧០០លានអឺរ៉ូ (៨១២លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែននៅឆ្នាំក្រោយ។
យោងតាមលិខិតមួយដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ការពារជាតិ និងការបរទេស ហើយបានផ្ញើទៅកាន់ទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា បានឱ្យដឹងថា ថវិកាចំនួន ៥០០លានអឺរ៉ូនឹងបានមកពីថវិការបស់ក្រសួងការពារជាតិ ខណៈដែលថវិកាដែលនៅសល់ចំនួន ២០០លានអឺរ៉ូនឹងត្រូវបានបែងចែកពីថវិកាការបរទេស។
រដ្ឋាភិបាលបាននិយាយថា ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសហូឡង់បានប្តេជ្ញាផ្តល់ជំនួយយោធាប្រហែល ១៣,៥ប៊ីលានអឺរ៉ូ និងជំនួយមិនមែនយោធាប្រហែល៣,៥ប៊ីលានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីបានព្រមានថា ការផ្តល់មូលនិធិបន្ថែមនៅក្នុងថវិកាឆ្នាំក្រោយនឹងជាបញ្ហាប្រឈម ដោយលោកបានកត់សម្គាល់ថា «ការពិតផ្នែកហិរញ្ញវត្ថុគឺថាយើងនឹងឈានដល់ដែនកំណត់របស់យើងនៅឆ្នាំក្រោយ»។
គណៈរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកៀរគរហិរញ្ញប្បទានអន្តរជាតិសម្រាប់អ៊ុយក្រែនក្នុងរយៈពេលខ្លី ក្រោមលក្ខខណ្ឌសមស្រប និងបានសម្តែងការពេញចិត្តចំពោះប្រាក់កម្ចីកសាងឡើងវិញដោយផ្អែកលើទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានធ្វើឱ្យអសកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





