ភេរវករ ១២នាក់បានស្លាប់ក្នុងការបាញ់ប្រហារគ្នានៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- កងទ័ពប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា ភេរវករចំនួន ១២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខមួយនៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតី។
សេវាទំនាក់ទំនងសាធារណៈអន្តរ (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បាននិយាយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលមានមូលដ្ឋានលើចារកម្មនៅក្នុងស្រុកកាឡាត នៃខេត្តនេះ។
សេវា ISPR បានបន្ថែមថា ភេរវករដែលត្រូវបានសម្លាប់បានចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារភេរវកម្មជាច្រើននៅក្នុងតំបន់នោះ ហើយអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនធំត្រូវបានរកឃើញនៅកន្លែងកើតហេតុ។
បន្ទាប់ពីហេតុការណ៍នេះ ប្រតិបត្តិការបោសសម្អាតមួយត្រូវបានអនុវត្តន៍ដើម្បីធានាថាគ្មានភេរវករផ្សេងទៀតស្ថិតនៅក្នុងតំបន់ជុំវិញនោះទេ។ នេះបើយោងតាមសេវា ISPR។
យោធាបានបញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតែប្តេជ្ញាចិត្តក្នុងការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដែលគំរាមកំហែងដល់សន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





