ប្រទេសចិនអំពាវនាវឱ្យអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល ដើម្បីសម្រេចបាននូវកំណើនរួម
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- នៅក្នុងកិច្ចសន្ទនាលើកទី៣ នៃកិច្ចសន្ទនាក្រុមអ្នកគិតសកលលោកភាគខាងត្បូង ដែលមានប្រធានបទ«ការស្វែងរកកម្លាំងតាមរយៈការឯកភាពគ្នា៖ ការទទួលខុសត្រូវ និងសកម្មភាពរបស់សកលលោកភាគខាងត្បូង» ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ លោក លុយ ហៃស៊ីង (Liu Haixing) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាល CPC បានអំពាវនាវឱ្យមានការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល ដើម្បីសម្រេចបាននូវកំណើនរួមគ្នា។
លោកបាននិយាយថា «វិបុលភាព និងស្ថិរភាពនៃពិភពលោកមិនអាចត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃអ្នកក្រកាន់តែក្រ និងអ្នកមានកាន់តែមាននោះទេ។ យើងគួរតែដាក់ការអភិវឌ្ឍជាស្នូលនៃរបៀបវារៈអន្តរជាតិ កសាងសេដ្ឋកិច្ចពិភពលោកដោយបើកចំហរយ៉ាងសកម្ម និងចែករំលែកឱកាសតាមរយៈការបើកចំហរសម្រាប់លទ្ធផលឈ្នះ-ឈ្នះ ដើម្បីសម្រេចបាននូវទំនើបកម្មរួមគ្នា»។
សម័យប្រជុំពេញអង្គលើកទីបួននៃគណៈកម្មាធិការកណ្តាល CPC លើកទី២០ កាលពីក្នុងខែតុលា បានអនុម័តអនុសាសន៍សម្រាប់ការបង្កើតផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន (ឆ្នាំ២០២៦-២០៣០) ដែលបង្ហាញពីការគាំទ្ររបស់ប្រទេសចិនចំពោះសកលលោកភាគខាងត្បូងក្នុងការកសាងកម្លាំងតាមរយៈការឯកភាពគ្នា ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនជំនួយដល់ប្រទេសដទៃទៀត និងផ្តល់ឱ្យពិភពលោកនូវទំនិញសាធារណៈកាន់តែច្រើន ដោយនៅក្នុងនោះ សារមួយដែលប្រទេសចិនបានផ្ញើទៅកាន់ពិភពលោក បាននិយាយថា ខ្លួននឹងបន្តរួមចំណែកដល់ដំណើរការទំនើបកម្មនៃសកលលោកភាគខាងត្បូង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





