ការបោះឆ្នោតត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានកំណែទម្រង់កាន់តែស៊ីជម្រៅនៅហុងកុងជាមួយនឹងសភានីតិបញ្ញត្តិថ្មីដែលត្រូវបានជ្រើសតាំង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- ការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិអាណត្តិទី៨ (LegCo) នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិន បានបញ្ចប់ហើយ ដោយលទ្ធផលសម្រាប់អាសនៈទាំង៩០ ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ។
វា គឺជាការបោះឆ្នោត LegCo លើកទីពីរ ដែលបានធ្វើឡើងបន្ទាប់ពីការអនុវត្តគោលការណ៍ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» និងប្រព័ន្ធបោះឆ្នោតដែលបានធ្វើឱ្យប្រសើរឡើង។ ការបោះឆ្នោតនេះក៏ត្រូវបានធ្វើឡើងក្នុងរយៈពេលតិចជាងពីរសប្តាហ៍បន្ទាប់ពីមានអគ្គីភ័យដ៏សាហាវមួយបានកើតឡើងឡើងនៅក្នុងអគារលំនៅដ្ឋានមួយនៅសង្កាត់តៃប៉ូរបស់ហុងកុង។
លោក ចន លី (John Lee) នាយកប្រតិបត្តិ HKSAR បាននិយាយកាលពីថ្ងៃចន្ទថា ការបញ្ចប់ដោយជោគជ័យនៃការបោះឆ្នោត LegCo តាមកាលវិភាគនេះ ជាការឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់ និងការគោរពរបស់ហុងកុងចំពោះសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។
លោកបានកត់សម្គាល់ថា បេក្ខភាពបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាបោះឆ្នោតដោយបើកចំហចំនួន៣៩ ដោយចូលរួមក្នុងការប្រកួតប្រជែងដែលមានគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងមានស្ថានភាពល្អ ដោយផ្អែកលើគោលការណ៍នៃការតំណាងយ៉ាងទូលំទូលាយ ការចូលរួមដែលមានតុល្យភាព និងការប្រកួតប្រជែងដោយយុត្តិធម៌។
លោក លី បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកនៃ LegCo អាណត្តិថ្មីនឹងចូលរួមយ៉ាងសកម្មជាមួយសហគមន៍ និងវិស័យផ្សេងៗ យល់កាន់តែច្បាស់អំពីមតិសាធារណៈ និងដឹកនាំកំណែទម្រង់ស៊ីជម្រៅរបស់ហុងកុង ហើយរួមជាមួយរដ្ឋាភិបាល HKSAR ដើម្បីបង្កើតអនាគតរួមគ្នា។
ដោយកត់សម្គាល់ថា សហគមន៍ហុងកុងបានឆ្លងកាត់ដំណាក់កាលដ៏លំបាកដែលបង្កឡើងដោយអគ្គីភ័យនៅសង្កាត់តៃប៉ូ លោករំពឹងថា សមាជិកLegCo អាណត្តិទី៨ នឹងសហការជាមួយ HKSAR ដើម្បីអនុវត្តការងារគាំទ្រ និងស្តារឡើងវិញបន្ទាប់ពីសោកនាដកម្មនេះ។
លោក លី បាននិយាយថា «តាមរយៈការផ្តួចផ្តើមការជជែកពិភាក្សាការលើកកម្ពស់ការពិនិត្យមើលឡើងវិញ ការធ្វើបច្ចុប្បន្នភាពច្បាប់ និងការជំរុញកំណែទម្រង់ជាប្រព័ន្ធ យើងនឹងធ្វើឱ្យហុងកុងក្លាយជាទីក្រុងដែលមានសុវត្ថិភាពជាងមុន ជាកន្លែងដែលប្រជាពលរដ្ឋអាចរស់នៅដោយសន្តិភាពផ្លូវចិត្តកាន់តែច្រើន»។





