រុស្ស៊ីបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយកាណាដា បារាំង និងព័រទុយហ្គាល់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលរុស្ស៊ីបានបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាចំនួនបីជាមួយប្រទេសកាណាដា បារាំងនិងព័រទុយហ្គាល់កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមក្រឹត្យមួយដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស្ស៊ូស្ទីន (Mikhail Mishustin) និងបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលរុស្ស៊ី។
ក្រឹត្យនេះបានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហភាពសូវៀត និងរដ្ឋាភិបាលកាណាដាទាក់ទងនឹងដំណើរទស្សនកិច្ចតាមខ្សែបន្ទាត់យោធា ដែលបានចុះហត្ថលេខានៅទីក្រុងម៉ូស្គូនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ១៩៨៩ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងរដ្ឋាភិបាលសាធារណរដ្ឋបារាំង ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខានៅទីក្រុងម៉ូស្គូនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៩៩៤ និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងរដ្ឋាភិបាលសាធារណរដ្ឋព័រទុយហ្គាល់ ស្តីពីកិច្ចសហប្រតិបត្តិការយោធា ដែលបានចុះហត្ថលេខានៅទីក្រុងម៉ូស្គូនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០០។
ក្រសួងការបរទេសរុស្ស៊ីត្រូវបានណែនាំឱ្យជូនដំណឹងដល់ប្រទេសកាណាដា បារាំង និងព័រទុយហ្គាល់អំពីសេចក្តីសម្រេចនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





