អង្គការសហប្រជាជាតិចាប់ផ្តើមអំពាវនាវសម្រាប់ជំនួយ ៣៣ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២៦ ដើម្បីគាំទ្រដល់ប្រជាជន ១៣៥លាននាក់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ -- អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានចាប់ផ្តើមការអំពាវនាវមនុស្សធម៌ «Life By Life» ចំនួន ៣៣ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២៦ ដោយមានគោលបំណងគាំទ្រដល់ប្រជាជនចំនួន ១៣៥លាននាក់។ នេះបើយោងតាមការប្រកាសរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ OCHA បាននិយាយថា«អង្គការសហប្រជាជាតិ និងដៃគូនៅថ្ងៃនេះ បានចាប់ផ្តើមការអំពាវនាវមនុស្សធម៌ជាសកលរបស់ពួកគេ ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដូចជាសង្គ្រាម គ្រោះមហន្តរាយអាកាសធាតុ រញ្ជួយដី ជំងឺរាតត្បាត និងកន្លែងដែលដំណាំមានការខូចខាត»។
ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា «អាទិភាពបន្ទាន់» របស់ខ្លួន គឺការធានាបាននូវថវិកាចំនួន ២៣ប៊ីលានដុល្លារអាម៉េរិក ដើម្បីជួយសង្គ្រោះមនុស្សចំនួន ៨៧លាននាក់ ដោយចំនួនសរុបកើនឡើងដល់ ៣៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៦ ដើម្បីទៅដល់មនុស្ស ១៣៥លាននាក់«តាមរយៈប្រតិបត្តិការចំនួន ២៣ប្រទេស និងផែនការចំនួនប្រាំមួយសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក»។
ទីភ្នាក់ងារ OCHA បានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិសម្រាប់ការអំពាវនាវរកជំនួយឆ្នាំ២០២៥ គឺ «ទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍»កន្លងមកនេះ ដោយមានថវិកាតែ ១២ប៊ីលានដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយក្រុមការងារមនុស្សធម៌បានជួយទៅដល់ប្រជាជន «តិចជាង ២៥លាននាក់បើធៀបទៅនឹងឆ្នាំ២០២៤» ដោយសារតែការកាត់បន្ថយថវិកា «យ៉ាងខ្លាំង»។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «ផលវិបាកដែលកើតមានភ្លាមៗរួមមានភាពអត់ឃ្លានកើនឡើង ប្រព័ន្ធសុខាភិបាលស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ការអប់រំធ្លាក់ចុះ ការបោសសម្អាតមីនជាប់គាំង និងគ្រួសារនានាប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ ដោយគ្មានទីជម្រក គ្មានជំនួយជាសាច់ប្រាក់ និងគ្មានសេវាការពារ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





