អង្គការ FAO៖ តម្លៃអង្ករពិភពលោកធ្លាក់ចុះ ១,៥% នៅក្នុងខែវិច្ឆិកា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- តម្លៃអង្ករពិភពលោកក្នុងខែវិច្ឆិកាបានធ្លាក់ចុះ ១,៥% ពីខែតុលា ខណៈដែលតម្លៃស្បៀងអាហារសរុបបានធ្លាក់ចុះ ១,២% ដែលជាការធ្លាក់ចុះជាប់ៗគ្នាលើកទីបី។ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។
អង្គការ FAO បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា «ការប្រមូលផលដំណាំសំខាន់ៗនៅក្នុងប្រទេសនាំចេញនៅអឌ្ឍគោលខាងជើង និងតម្រូវការនាំចូលដែលមានការថយចុះ បានធ្វើឱ្យតម្លៃអង្ករ Indica និងអង្ករក្រអូបស្ថិតនៅក្រោមសម្ពាធធ្លាក់ចុះ»។
នៅក្នុងសេចក្តីសង្ខេប ស្តីពីការផ្គត់ផ្គង់ និងតម្រូវការធញ្ញជាតិដាច់ដោយឡែកមួយទៀតរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រផងដែរនោះ អង្គការ FAO បាននិយាយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ផលិតកម្មអង្កររបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីខែវិច្ឆិកាមក។
អង្គការនេះបាននិយាយថា «ការវាយតម្លៃជាផ្លូវការនៅក្នុងប្រទេសបង្ហាញថា ការពង្រីកផ្ទៃដីជាបន្តបន្ទាប់ទំនងជានឹងអាចជាការប្រមូលផលរដូវខ្ពស់ជាងការរំពឹងទុកពីមុន»។
ទិន្នផលអង្ករសកលលោកត្រូវបានគេមើលឃើញថាឈានដល់កម្រិតខ្ពស់បំផុត
រួមផ្សំជាមួយនឹងការរំពឹងទុកនៃដំណាំស្រូវដែលកាន់តែល្អប្រសើរសម្រាប់ប្រទេសបង់ក្លាដែស និងជប៉ុន ការពិនិត្យមើលឡើងវិញនេះបានបង្កើនការព្យាករណ៍ផលិតកម្មសកលលោកចំនួន ២,៤លានតោន ដែលឈានដល់ ៥៥៨,៨លានតោនសម្រាប់រដូវកាលឆ្នាំ២០២៥/២៦។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបាននិយាយថា «នៅកម្រិតនោះទិន្នផលអង្ករពិភពលោកនឹងលើសពីលទ្ធផលឆ្នាំ២០២៤/២៥ ចំនួន ១,៦% និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន»។
ទីភ្នាក់ងារនោះបាននិយាយបន្ថែមថា «ប្រទេសបង់ក្លាដែស ប្រេស៊ីលចិន ឥណ្ឌា និងឥណ្ឌូណេស៊ី ត្រូវបានគេព្យាករណ៍ថានឹងនាំមុខគេនៅក្នុងកំណើននេះ ច្រើនជាងការទូទាត់សងសម្រាប់ការធ្លាក់ចុះនៅក្នុងប្រទេសម៉ាដាហ្គាស្ការ នេប៉ាល់ ប៉ាគីស្ថាន ថៃ និងសហរដ្ឋអាមេរិក»៕
ដោយ៖ យា ចិន្តាខន្តី





