លោក ហ្វីដាន់៖ ការសម្របសម្រួលរបស់សហរដ្ឋអាមេរិកទៅលើបញ្ហាអ៊ុយក្រែនមានឱកាសក្នុងការទទួលបានជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសតួកគី លោកហាកាន់ ហ្វីដាន់ (Hakan Fidan) បានអំពាវនាវដល់អឺរ៉ុប ក៏ដូចជាភាគីជម្លោះនៅអ៊ុយក្រែន និងប្រទេសដែលមានចំណាប់អារម្មណ៍ ឱ្យចូលរួមក្នុងកិច្ចចរចា ដោយលោកបានកត់សម្គាល់ថា ការសម្របសម្រួលរបស់សហរដ្ឋអាមេរិកក្នុងបញ្ហានេះមានឱកាសទទួលបានជោគជ័យ។
លោកបាននិយាយនៅក្នុងវេទិកាមួយនៅទីក្រុងដូហាថា «ក្នុងករណីដែលគ្មានសហរដ្ឋអាមេរិក [ចូលរួមដោយផ្ទាល់ជាមួយអឺរ៉ុបទៅលើបញ្ហាអ៊ុយក្រែន] អឺរ៉ុបត្រូវស្វែងរកដំណោះស្រាយច្នៃប្រឌិតបន្ថែមទៀត ដើម្បីក្លាយជាអ្នកដែលមានភាពធន់ទ្រាំ។ ខ្ញុំជឿថា មធ្យោបាយតែមួយគត់ដែលអាចសម្រេចបានដើម្បីបញ្ចប់សង្គ្រាមនេះ គឺត្រូវចូលរួមក្នុងកិច្ចចរចាដោយស្មោះត្រង់ និងការតាំងចិត្តខ្ពស់។ មានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដ៏ល្អកំពុងដំណើរការនៅពេលនេះ។ ខ្ញុំសង្ឃឹមថា ការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនឹងជួយសម្រេចបានជោគជ័យ។ ពួកគេមានឱកាសជោគជ័យគ្រប់បែបយ៉ាង»។
លោករដ្ឋមន្ត្រីរូបនេះបានចង្អុលបង្ហាញថា «វេទិកាសម្រាប់ការធ្វើអន្តរកម្ម និងកិច្ចសន្ទនាជាបន្តបន្ទាប់ គឺចាំបាច់» បើទោះបីជាមានអរិភាពជាបន្តបន្ទាប់ក៏ដោយ។ លោកបាននិយាយបន្ថែមថា «តាំងពីដើមដំបូងមក ខ្ញុំបានណែនាំមិត្តភក្តិអ៊ុយក្រែន និងអឺរ៉ុបរបស់ខ្ញុំឱ្យធ្វើបែបនេះ (បន្តកិច្ចសន្ទនា) ហើយក៏បាននិយាយអំពីវាទៅកាន់មិត្តភក្តិអាម៉េរិករបស់ខ្ញុំក្នុងអំឡុងពេលរដ្ឋបាលលោក ចូ បៃដិន។ ខ្ញុំជឿជាក់ថា កិច្ចចរចាផ្តល់នូវឱកាសសំខាន់ៗ។ពួកគេប្រហែលជាមិនបញ្ឈប់សង្គ្រាមភ្លាមៗទេ ប៉ុន្តែពួកគេពិតជាជួយ និងបង្កើតឱកាស និងផ្តល់ឱកាសបន្ថែមទៀតសម្រាប់ភាគីសង្គ្រាម និងអ្នកពាក់ព័ន្ធ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





