អ្នកការទូតកំពូលអ៊ីរ៉ង់នឹងទៅបំពេញទស្សនកិច្ចរុស្ស៊ីក្នុងពេលឆាប់ៗនេះសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកជី (Abbas Araghchi) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ និងទីក្រុងមីនស្ក៍ ក្នុងពេលឆាប់ៗនេះ ជាកន្លែងដែលលោកនឹងជួបជាមួយមន្ត្រីរុស្ស៊ី និងបេឡារុស្ស។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មែល បាកាអ៊ី (Ismail Baghaei) បានប្រាប់អ្នកសារព័ត៌មាន។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កិច្ចប្រជុំកម្រិតខ្ពស់នៅកម្រិតក្រសួងការបរទេសនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសបេឡារុស្ស និងរុស្ស៊ីនៅក្នុងសប្តាហ៍នេះ។ លោក អារ៉ាកជី នឹងធ្វើដំណើរទៅកាន់ប្រទេសទាំងពីរនេះ ដែលជាផ្នែកមួយនៃកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់»។
យោងតាមអ្នកនាំពាក្យរូបនោះ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) នឹងធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតូមិននីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។លោកបានបន្ថែមថា «សេវាសារព័ត៌មានរបស់ប្រធានាធិបតីនឹងប្រកាសអ្វីៗគ្រប់យ៉ាងក្នុងពេលវេលាដែលបានកំណត់»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





