ពាណិជ្ជកម្មអាស៊ាន-ចិនត្រូវបានព្យាករថានឹងកើនលើស ១ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមអ្នកការទូតឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងតំបន់អាស៊ាន និងចិនកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវមួយដើម្បីមានតម្លៃលើសពី ១ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។
លោក ឌីចាអ៊ូហារី អូរ៉ាតម៉ាន់គុន (Djauhari Oratmangun) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសចិន បាននិយាយថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មក្នុងតំបន់ដ៏ធំបំផុតរបស់ប្រទេសចិន ដែលមានទំហំជិត ១ទ្រីលានដុល្លារអាម៉េរិក ដោយលោកសង្ឃឹមថា តួលេខនេះនឹងលើសពី ១ទ្រីលានដុល្លារអាម៉េរិកនៅចុងឆ្នាំនេះ។
ដូចដែលបានរាយការណ៍ដោយកាសែតប្រចាំថ្ងៃជាភាសាអង់គ្លេសអនឡាញរបស់ឥណ្ឌូណេស៊ី Jakarta Globe សេចក្តីថ្លែងការណ៍របស់លោក ឌីចាអ៊ូហារី នេះ បានកើតឡើងមិនយូរប៉ុន្មានទេបន្ទាប់ពីអាស៊ានបានធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន។
កំណែថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានផ្តល់នូវការរួមបញ្ចូលកាន់តែច្រើនសម្រាប់សហគ្រាសខ្នាតតូច ដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយសារអាជីវកម្មនៃទំហំនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ខ្លួន។
សកម្មភាពនាំចេញ-នាំចូលរបស់អាស៊ានជាមួយប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ទិន្នន័យគយចិនបានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត ៧ទ្រីលានយ័ន (ប្រហែល ៩៨៩,៩ប៊ីលានដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





