ម៉ាឡេស៊ីលើកកម្ពស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងថាមពល និងការបម្លែងទឹក(PETRA) នៃប្រទេសម៉ាឡេស៊ី នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលកកើតឡើងវិញ (RE) និងពង្រឹងការគ្រប់គ្រងធនធានទឹកថ្នាក់ជាតិ។ នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីឡាហ៍ យូសូហ្វ (Fadillah Yusof)។
មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយលោកបានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបានគោលដៅរបស់ខ្លួនក្នុងការបង្កើតសមត្ថភាពអគ្គិសនីរបស់ប្រទេសឱ្យបាន ៧០% ពីប្រភពកកើតឡើងវិញនៅត្រឹមឆ្នាំ២០៥០ ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនទីបង្ហាញផ្លូវផ្លាស់ប្តូរថាមពលជាតិ (NETR)។
ប្រទេសនេះបានឈានដល់សមត្ថភាព RE ដែលបានដំឡើងចំនួន៣១% គិតត្រឹមខែតុលា ហើយគោលដៅនេះនឹងត្រូវបានបង្កើនដល់ ៣៥% នៅត្រឹមឆ្នាំ២០៣០ ក្រោមផែនការម៉ាឡេស៊ីលើកទី១៣ (13MP)។
ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងពង្រីកគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រជាច្រើន រួមទាំងការដាក់ឱ្យដំណើរការកម្មវិធីថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ (LSS 6) នៅដើមឆ្នាំ២០២៦ កូតាបន្ថែមចំនួន ៣០០មេហ្គាវ៉ាត់សម្រាប់ជីវឧស្ម័ន ជីវម៉ាស និងវារីអគ្គិសនីខ្នាតតូចក្រោមគម្រោង Feed-In Tariff (FiT) និងការណែនាំអំពីគម្រោងផ្គត់ផ្គង់ថាមពលកកើតឡើងវិញ (CRESS)។
លោក ហ្វាឌីឡាហ៍ បាននិយាយថា ការអនុវត្តគម្រោង Solar ATAP (កម្មវិធីសកម្មភាពផ្លាស់ប្តូរបង្កើនល្បឿន) ក៏នឹងត្រូវបានពង្រីកផងដែរ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាន់តែច្រើនបង្កើតអគ្គិសនីផ្ទាល់ខ្លួន។
ទន្ទឹមនឹងនេះដែរ កម្មវិធីយន្តការប្រមូលផ្តុំថាមពលកកើតឡើងវិញរបស់សហគមន៍ (CREAM) នឹងអនុញ្ញាតឱ្យសហគមន៍បង្កើតថាមពលរួមគ្នាតាមរយៈប្រព័ន្ធថាមពលព្រះអាទិត្យដែលប្រមូលផ្តុំនៅលើដំបូល ខណៈដែលកម្មវិធីបង្កើតថាមពលកាបូនទាប (LCEGP) មានគោលបំណងធ្វើពិពិធកម្មប្រភពថាមពល RE ដែលមិនមែនជាថាមពលពន្លឺព្រះអាទិត្យ ដូចជាជីវឧស្ម័ន ជីវម៉ាស និងវារីអគ្គិសនីខ្នាតតូចជាដើម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





