ម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងសម្រេចបាន ៤៩% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅត្រឹមឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងសម្រេចបាន ៤៩% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ចំនួន១៦៩ នៅត្រឹមឆ្នាំ២០៣០ ដោយផ្អែកលើការវិភាគទិន្នន័យឆ្នាំ២០២៣។ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី ហានីហ្វា ហាចា តាអ៊ីប (Hanifah Hajar Taib)។
មន្ត្រីរូបនេះបាននិយាយថា ការព្យាករណ៍នេះលើសពីមធ្យមភាគសកលលោកចំនួន ១៨% ដែលត្រូវបានរាយការណ៍នៅក្នុងឆ្នាំ២០២៥។
លោកស្រីបានកត់សម្គាល់ថា «គោលដៅពីរបានបង្ហាញពីសមិទ្ធផលខ្ពស់បំផុត គឺ SDG 4 ការអប់រំប្រកបដោយគុណភាព (៧០%) និង SDG ១២ ការផលិត និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ (៦៤%) ដែលជំរុញដោយការទទួលបានការអប់រំយ៉ាងទូលំទូលាយ ក៏ដូចជាអត្រាកែច្នៃឡើងវិញដែលមានការកើនឡើង និងការគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់កាន់តែប្រសើរ»។
លោកស្រី ហានីហ្វា ហាចា បាននិយាយថា SDG ចំនួនប្រាំបីផ្សេងទៀត គឺខ្ពស់ជាងសមិទ្ធផលជាមធ្យមថ្នាក់ជាតិ រួមទាំងសមភាពយេនឌ័រថាមពលស្អាត និងមានតម្លៃសមរម្យ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព និងភាពជាដៃគូសម្រាប់គោលដៅ។
យោងតាមក្រសួងស្ថិតិម៉ាឡេស៊ី បានឱ្យដឹងថា SDG រួមមានគោលដៅចំនួន១៧ គោលដៅចំនួន១៦៩ និងសូចនាករចំនួន២៤៤ ដើម្បីវាស់វែងសមិទ្ធផលអភិវឌ្ឍន៍ជាសកលនៅទូទាំងទិដ្ឋភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ ប្រទេសម៉ាឡេស៊ី និងប្រទេសចំនួន១៩៣ ផ្សេងទៀត បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ និងបំពេញរបៀបវារៈឆ្នាំ២០៣០ និងSDGs ដោយមានប្រធានបទស្តីពី «មិនទុកនរណាម្នាក់ចោល»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





