នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យបណ្តាខេត្តភាគខាងជើងផ្តល់អាទិភាពដល់ការឆ្លើយតបទៅនឹងការបំពុលភាគល្អិតក្នុងខ្យល់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោក អនុទីនឆាន់វីរៈគុល (Anutin Charnvirakul) បានណែនាំដល់អភិបាលខេត្តភាគខាងជើងទាំងអស់ឱ្យផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាការបំពុលខ្យល់តាមរដូវ ខណៈដែលអនុញ្ញាតឱ្យបុគ្គលិករដ្ឋាភិបាលអាចធ្វើការពីផ្ទះបានប្រសិនបើចាំបាច់។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា លោកបានណែនាំដល់អភិបាលខេត្តឱ្យបង្កើនវិធានការប្រឆាំងនឹងការកើនឡើងជាថ្មីនៃការបំពុលល្អិតក្នុងខ្យល់ PM2.5 ដោយសង្កត់ធ្ងន់ទៅលើការអនុវត្តយ៉ាងតឹងរ៉ឹងប្រឆាំងនឹងការដុតបំផ្លាញដោយចំហរ ដែលស្រដៀងគ្នាទៅនឹងវិធានការឆ្នាំមុនដែរ។
មេដឹកនាំរូបនេះបាននិយាយថា ការសម្របសម្រួលជាមួយបណ្តាប្រទេសជិតខាងដើម្បីទប់ស្កាត់អ័ព្ទឆ្លងដែន គឺជាបញ្ហាមួយដែលនៅតែបន្តលើកឡើងនៅក្នុងវេទិកាអាស៊ាន។ ប៉ុន្តែការផ្តោតសំខាន់ទៅលើអ្វីដែលប្រទេសថៃអាចគ្រប់គ្រងបាននៅក្នុងស្រុក ហើយវាបានថយចុះគួរឱ្យកត់សម្គាល់រួចទៅហើយ។
កាលពីឆ្នាំមុន ប្រទេសថៃបានអនុវត្តការហាមឃាត់ការដុតបំផ្លាញដោយចំហរនៅក្នុងបណ្តាខេត្តភាគខាងជើងរបស់ខ្លួន និងដាក់ទោសដល់អ្នករំលោភបំពាន រួមទាំងអ្នកដែលដុតកាកសំណល់កសិកម្មផងដែរ។ វិធានការដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលបានជួយកាត់បន្ថយកម្រិត PM2.5 យ៉ាងច្រើនក្នុងអំឡុងពេលដូចគ្នា។
លោកវេជ្ជបណ្ឌិត ស៊ូផាកន ធុលត្រៃរ៉ាត់ (Suphakorn Tultrairat)អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រការងារនៅមន្ទីរពេទ្យណុបប៉ារ៉ាត់ រ៉ាចាថានី(Nopparat Rajathanee) ក្នុងទីក្រុងបាងកក បាននិយាយថា មានមនុស្សប្រហែល ១០លាននាក់បានរាយការណ៍ថាបានរងផលប៉ះពាល់ដោយសារPM2.5 រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ ដោយផ្អែកលើទិន្នន័យពីមន្ទីរពេទ្យរដ្ឋ។ លោកបាននិយាយថា តួលេខនេះតំណាងឱ្យការថយចុះពីចំនួន ១២លាននាក់ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៤។
ជំងឺផ្លូវដង្ហើមនៅតែជាជំងឺទូទៅបំផុត ជាពិសេសជំងឺស្ទះសួតរ៉ាំរ៉ៃ(COPD) ជំងឺហឺត និងជំងឺរលាកទងសួត បន្ទាប់មកគឺការមានកន្ទួលលើស្បែក និងរលាកភ្នែក។ លោកបានព្រមានថា PM2.5 អាចបណ្តាលឱ្យស្លាប់បានចំពោះអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃស្រាប់ បើទោះបីជាកម្រិតនៃភាពធ្ងន់ធ្ងរអាចប្រែប្រួលក៏ដោយ៕





