ឥណ្ឌូណេស៊ីប្រឈមមុខនឹងគម្លាតហិរញ្ញវត្ថុដ៏ធំដើម្បីសម្រេចគោលដៅអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវការថវិកាចំនួន ៧៥៧,៦ប៊ីលានដុល្លារអាម៉េរិកសម្រាប់ហិរញ្ញប្បទានអាកាសធាតុនៅត្រឹមឆ្នាំ២០៣៥ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសកម្មភាពអាកាសធាតុ ក្រោមការរួមចំណែកកំណត់ដោយជាតិដែលបានបង្កើន និងបន្ទាប់បន្សំ (NDC) ដោយបង្ហាញពីគម្លាតថវិកាដ៏សំខាន់មួយ ដោយសារការចំណាយទៅលើអាកាសធាតុបច្ចុប្បន្នមានចំនួនត្រឹមតែ ៣% ប៉ុណ្ណោះនៃថវិការដ្ឋ។
លោក រ៉ាចម៉ាត ផាំប៊ូឌី (Rachmat Pambudy) រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញតួលេខនេះក្នុងអំឡុងពេលនៃព្រឹត្តិការណ៍មួយនៅទីក្រុងហ្សាកាតា ដោយលោកបានកត់សម្គាល់ថា ការបែងចែកថវិកាទាក់ទងនឹងអាកាសធាតុនៅតែមានកម្រិតមធ្យម បើប្រៀបធៀបទៅនឹងទំហំនៃគោលបំណងកាត់បន្ថយកាបូន និងការសម្របខ្លួនរបស់ប្រទេស។
លោកបាននិយាយថា ជាមធ្យម ការចំណាយទៅលើអាកាសធាតុរបស់រដ្ឋាភិបាលរវាងឆ្នាំ២០១៦ និងឆ្នាំ២០២៤ មានចំនួន ៤,៤ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ឬប្រហែល ៣% នៃថវិការដ្ឋ។ នេះមានន័យថា វានៅតែមានគម្លាតហិរញ្ញប្បទានអាកាសធាតុដ៏ធំមួយ។
លោកបានសង្កត់ធ្ងន់ថា ដើម្បីបញ្ចប់គម្លាតថវិកានេះ ប្រទេសឥណ្ឌូណេស៊ីត្រូវតែកែលម្អការត្រៀមខ្លួនសម្រាប់អភិបាលកិច្ច និងពន្លឿនកម្មវិធីនិងគម្រោងដែលមានសមត្ថភាពកៀរគរការវិនិយោគទ្រង់ទ្រាយធំ។ ការវិនិយោគ គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញបច្ចេកវិទ្យា នវានុវត្តន៍ និងចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះដែលនឹងអនុញ្ញាតឱ្យប្រទេសឥណ្ឌូណេស៊ីបង្កើនល្បឿនក្នុងការការផ្លាស់ប្តូរកាបូនទាប និងភាពធន់នឹងអាកាសធាតុរបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





