ប្រតិភូកីឡាជនពិការចេញដំណើរទៅប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅអារ៉ាប់រួមខណៈឯកឧត្តម ហ៊ុន ម៉ានី នឹងទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៩
AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥--ប្រតិភូកីឡាជនពិការកម្ពុជាចំនួន ៣៧នាក់បានចាកចេញពីមាតុប្រទេសរបស់ខ្លួន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ខណៈឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងអញ្ជើញទទួលទង់ពីម្ចាស់ផ្ទះ អារ៉ាប់រួម ឆ្នាំ២០២៥ បន្តវេនធ្វើម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៩ ខាងមុខ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមបានគូសបញ្ជាក់មុនពេលចេញដំណើរថា នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រភេទកីឡាពិការកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥។ នេះក៏ជាកិត្តិយស ដែលប្រទេសជាតិយើងនឹងត្រូវចូលរួមទទួលទង់បន្តវេនពីម្ចាស់ផ្ទះអារ៉ាប់រួម ឆ្នាំ២០២៥ បន្តឆ្ពោះមកកម្ពុជា ឆ្នាំ២០២៩ខាងមុខ ដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងអញ្ជើញទទួល ទង់ផ្ទាល់ ហើយនឹងត្រូវវិលត្រឡប់មកវិញ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ។

ឯកឧត្តមនាយបេសកកម្មបានជម្រាបជូនថា តាំងពីដើមមក គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានតែងតែបានយកចិត្តទុកដាក់ខ្ពស់ ដោយមិនចំពោះត្រឹមតែកីឡាករ កីឡាការិនីមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ផងដែរ សម្រាប់បងប្អូនជនពិការទូទាំងប្រទេស។ បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបន្តផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីពិការកម្ពុជា នៅក្រៅប្រទេសជាបន្តបន្ទាប់។

ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ពេលនេះ ជាប្រវត្តិសាស្ត្រលើកទី១ ដែលយើងបានដឹកនាំអត្តពលិកយុវជនពិការកម្ពុជាចូលរួមប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម ដោយយើងបានហោះហើរទាំងក្រុមដែលមានចំនួនសរុប ៣៧នាក់ លើ៤ប្រភេទកីឡា ក្នុងនោះមានប្រតិភូ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីលើ៤ប្រភេទកីឡា រួមមាន ប្រភេទកីឡាអត្តពលកម្ម ហែលទឹក បាល់បោះជនពិការភ្នែក និងកីឡាវាយសី។

ជាមួយគ្នានេះ នាយបេសកកម្មរូបនេះសង្កត់ធ្ងន់ថា អ្វីដែលរំភើប គឺក្រុមគ្រួសាររបស់កីឡាករ កីឡាការិនីពិការកម្ពុជាក៏បានអញ្ជើញមកចូលរួមជូនដំណើរលើកទឹកចិត្តដល់ពួកគាត់ផងដែរ ដោយឪពុកម្តាយគ្រប់រូបរំភើបស្រក់ទឹកភ្នែក ដោយមិននឹកស្មានថា រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តទំនុកបម្រុងដល់អត្តពលិកមានពិការភាពឱ្យមានអនាគត ក្តីសង្ឃឹម មានសេចក្តីថ្លៃថ្នូរ ដោយអាចរស់នៅក្នុងសង្គមជាតិជាមួយជនពិការដែរ។

ឯកឧត្តមសង្ឃឹមថា ការចូលរួមប្រកួតកម្រិតទ្វីបអាស៊ីមួយនេះ អត្តពលិកពិការកម្ពុជានឹងអាចដណ្តើមបានលទ្ធផលល្អជាមេដាយជូនជាតិជាក់ជាមិនខាន អមជាមួយនឹងការដង្ហែរទង់បន្តវេនមកកម្ពុជា នាឆ្នាំ២០២៩ ។ នៅពេលដែលឯកឧត្តម ហ៊ុន ម៉ានី ទទួលទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥ រួមជាមួយប្រតិភូកីឡាកម្ពុជាហើយនោះ ក្រុមប្រតិភូកីឡាកម្ពុជានឹងទទួលបានការលើកទឹកចិត្តពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងការទទួលស្វាគមន៍នៅទីស្តីការគណៈរដ្ឋមន្ត្រីតែម្តង ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិ ក្នុងការបង្ហាញនៅលើឆាកអន្តរជាតិ៕
ដោយ ហេង ណាលីន





