ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កំណើនអ្នករត់ ១៦ ០០០នាក់ ខួប៣០ឆ្នាំនៃទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ កើនឡើង ២៥%
AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥--ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួប៣០ឆ្នាំ នៅខេត្តសៀមរាប ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្ដាប្រទេសនៅលើពិភពលោកចូលរួមរត់ចំនួន ១៦ ០០០នាក់មកពី៨៦ប្រទេស បានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេល៣០ឆ្នាំ ដោយចំនួនឆ្នាំនេះបានកើនឡើង ២៥% បើប្រៀបធៀបនឹងចំនួនអ្នករត់កាលពីឆ្នាំ២០២៤។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសឯកឧត្តមបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានភ្ញៀវជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរមកកាន់តំបន់អង្គរបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ខួបលើកទី៣០ ដែលបានញាំងឱ្យកម្មវិធីដ៏អស្ចារ្យមួយនេះមានភាពអធិកអធមក្រៃលែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី៣០នេះបានស្រូបទាញភ្ញៀវទេសចរ ១៦ ០០០នាក់កើនឡើង២៥ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០២៤ ដែលមានអត្តពលិកអន្តរជាតិ ៣៣៦២នាក់មកពី៨៦ប្រទេសមានបារាំង អូស្ត្រាលី អាមេរិកាំងនិងជប៉ុនចូលរួមច្រើនជាងគេ។

ឯកឧត្តមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ដែលបានមកជាលើកដំបូង និងវិលមកសាជាថ្មីម្ដងទៀតដោយដក់ចិត្តស្រឡាញ់នឹងកម្ពុជា។ ទោះបីយើងមកពីប្រទេសផ្សេងគ្នានិយាយភាសាខុសគ្នា ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយ គឺភាសាកីឡា និងសាមគ្គីភាព។ ឯកឧត្តមបន្ថែមថា ការជួបជុំគ្ន្នាថ្ងៃនេះមិនមែនភាពរឿងចៃដន្យនោះទេ ដោយនេះជារឿងផ្លែផ្កានៃសុខសន្តិភាពពេញលេញ ដូចពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» កីឡានាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងដែរថា កក្តាដែលជំរុញឱ្យព្រឹត្តិការណ៍មួយនេះកាន់តែមានកំណើនអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ គឺបានកើតចេញពីសុខសន្តិភាព ធ្វើឱ្យបណ្តាលប្រទេសមកចូលរួមជឿជាក់លើការដឹកនាំរបស់ប្រទេសកម្ពុជា។



គួរបញ្ជាក់ថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅមុខបរិវេណអង្គរមាន៤វិញ្ញាសា គឺវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ មានកីឡាករ កីឡាការិនីចូលរួម ៤ ០០០នាក់ វិញ្ញាសារត់ ១០គីឡូម៉ែត្រមាន ៨ ០០០នាក់ វិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រមាន ៣ ៧០០ នាក់ និងវិញ្ញាសារត់កម្សាន្តចម្ងាយ ៣គីឡូម៉ែត្រមានកីឡាករ កីឡាការិនីចូលរួម ២៥០នាក់។ ជាមួយគ្នានេះ គណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភីលើវិញ្ញាសាទាំងអស់នេះផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ ឃុត សៅ)





