សហព័ន្ធកីឡាវាយសីកម្ពុជាដាក់យុទ្ធសាស្រ្តថ្មីជាជំហានឈានឆ្ពោះទៅរកលទ្ធផលថ្មីៗ នាឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥--បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រង់ក្នុងឆ្នាំ២០២៥នៃអាណត្តិទី៨ ដោយអត្តពលិកកីឡាវាយសីកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិពីការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់លើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើសការរំពឹងទុក ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗមួយចំនួនទៀត ដើម្បីពង្រឹងឱ្យកាន់តែមានគុណភាពជាជំហានឈានឆ្ពោះទៅរកសមិទ្ធផលថ្មីក្នុងឆ្នាំ២០២៦ ។

ការដាក់ចេញយុទ្ធសាស្រ្តឈានទៅរកលទ្ធផលថ្មីៗបន្ថែមទៀតនេះ បានធ្វើឡើងនៅក្នុងសន្និបាតបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តម លី កុសល បានបញ្ជាក់ថា យុទ្ធសាស្រ្តថ្មីបន្ថែមទៀតនៃជំហានក្នុងការអភិវឌ្ឍការងារឆ្នាំ២០២៦ខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជានឹងដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តថ្មីៗមួយចំនួនមានដូចជា ពង្រឹងអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនីត្រៀមចូលរួមប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦។ គម្រោងបង្កើតការប្រកួតជាច្រើនដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយបណ្តាក្រុមហ៊ុនដៃគូ និងសម្ព័ន្ធក្លឹបរាជធានីខេត្ត។ ពិសេស សហព័ន្ធគ្រោងបង្កើតឱ្យមានការប្រកួតកីឡាវាយសីជើងឯក ជាលក្ខណៈលីគ ដើម្បីជ្រើសរើសកីឡាករកីឡាការិនីមានសមត្ថភាពជាជម្រើសដ៏ល្អ សម្រាប់សហព័ន្ធជ្រើសរើសមកបណ្តុះបណ្តាលត្រៀមការប្រកួតអន្តរជាតិនានា។ ក្លឹបសម្ព័ន្ធដែលជាសមាជិករបស់សហព័ន្ធមានកាកព្វកិច្ចបង់សមាជិកភាពប្រចាំឆ្នាំ ដើម្បីមានសិទ្ធិបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតដែលសហព័ន្ធរៀបចំ ដោយការងារនេះ គឺសហព័ន្ធចង់ឱ្យក្លឹបសម្ព័ន្ធវាយសី ដែលចំណុះមានស្តង់ដា និងមានគុណភាព ដើម្បីរួមគ្នាជំរុញកីឡាវាយសីនៅកម្ពុជាកាន់តែមានសក្កនុពល។

ទន្ទឹមជាមួយគ្នា ឯកឧត្តមប្រធានសហព័ន្ធវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូបង្វឹក គ្រប់បណ្តាក្លឹប និងសម្ព័ន្ធកីឡាទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំដឹកនាំជំរុញវិស័យកីឡាវាយសី តាមអង្គភាពរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើនជឿនលឿន ទោះបីជាជួបឧបសគ្គ មានការលំបាកខ្វះខាតយ៉ាងណា ក៏ដោយ ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីចប់មហាសន្និបាតនេះទៅ ពេលវិលត្រឡប់ ទៅដល់ក្លឹប ឬសម្ព័នកីឡាវិញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានដឹកនាំ និងលោកគ្រូ អ្នកគ្រូ ប្រាកដជានឹងយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំជំរុញការហ្វឹកហាត់ដល់កីឡាករ កីឡាការិនី កាន់តែខ្លាំងក្លាបន្ថែមទៀត ឈានទៅដណ្តើម ជ័យជម្នះគ្រប់ការប្រកួត។

បន្ថែមពីលើនេះ ឯកឧត្តមប្រធាន សូមរម្លឹកបន្ថែមដល់ក្លឹបណាដែលបានបង្កើតថ្មីមិនទាន់បានចុះឈ្មោះជាផ្លូវការ សូមអញ្ជើញមកទំនាក់ទំនងជាមួយសហព័ន្ធឱ្យបានឆាប់រហ័ស។ កីឡាករ កីឡាការនីទាំងអស់ ដែលពុំទាន់បានធ្វើអត្តសញ្ញាណប័ណ្ណកីឡា ឬមានហើយតែហួសសុពលភាពត្រូវរូតរំធ្វើឡើងវិញឱ្យបានទាន់ពេលវេលា ព្រោះពេលប្រកួត គណៈកម្មការរៀបចំការប្រកួតនឹងពិនិត្យ បើគ្មានទេកីឡាករ កីឡាការិនីរូបនោះមិនអាចចូលរួមប្រកួតបានឡើយ។

បើយោងតាម របាយការណ៍ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាសីកម្ពុជា បានបង្ហាញថា សមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥នៃអាណត្តិទី៨នេះ លទ្ធផលការងារជាច្រើនទទួលបានជោគជ័យ ដូចជាការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ លើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ការរៀបចំទទួលបានការកើតសសើរពីថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីអាស៊ី និងអត្តពលិកកម្ពុជាឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាកំណត់ត្រាថ្មី។ ឯកឧត្តម កែវ រស់ កត់សម្គាល់បន្ថែមថា អ្វីដែលកាន់តែពិសេសនោះ គឺថ្នាក់ដឹកនាំវាយសីអាស៊ីបានស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់តំបន់ ដែលមាន៥ប្រទេសចូលរួមជាលើកទី៣នៅឆ្នាំ២០២៦ ដែលជាការលើកមុខមាត់កម្ពុជាលើឆាកតំបន់ផងដែរ៕
ដោយ ហេង ណាលីន





