អាមេនី និងសហភាពអឺរ៉ុប ចុះហត្ថលេខាលើរបៀបវារៈនៃយុទ្ធសាស្ត្រភាពជាដៃគូ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមក្រសួងការបរទេសអាមេនីកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រទេសអាមេនី និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើ «របៀបវារៈនៃយុទ្ធសាស្ត្រភាពជាដៃគូអាមេនី-សហភាពអឺរ៉ុប» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យផ្សេងៗ។
ក្រសួងបាននិយាយថា ឯកសារនេះត្រូវបានអនុម័តកាលពីថ្ងៃអង្គារ ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាភាពជាដៃគូអាមេនី-សហភាពអឺរ៉ុប លើកទី៦ ហើយបានគូសបញ្ជាក់ពីគោលដៅនៃនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។
រដ្ឋមន្ត្រីការបរទេសអាមេនី លោក អារ៉ារ៉ាត់ មៀហ្សូយ៉ាន់ (Ararat Mirzoyan) បាននិយាយថា របៀបវារៈនេះបានបំពេញបន្ថែមនៃកិច្ចព្រមព្រៀងភាពជាដៃគូដ៏ទូលំទូលាយ និងប្រសើរឡើងរវាងអាមេនី-សហភាពអឺរ៉ុប និងលើកកម្ពស់របៀបវារៈភាពជាដៃគូយុទ្ធសាស្ត្រ។
លោកស្រី កាចា កាល់ឡាស់ (Kaja Kallas) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខបានសង្កត់ធ្ងន់ថា របៀបវារៈនេះបានពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យថ្មីៗ រួមទាំងកំណែទម្រង់នីតិរដ្ឋ ទំនើបកម្មសេដ្ឋកិច្ច សន្តិសុខ និងការធ្វើសេរីភាវូបនីយកម្មទិដ្ឋាការ។
យោងតាមក្រសួងបានឱ្យដឹងថា អាទិភាពសំខាន់ៗនៅក្នុងរបៀបវារៈនៃយុទ្ធសាស្ត្ររួមមាន ការពង្រឹងការអភិវឌ្ឍប្រជាធិបតេយ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងភាពធន់នៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសអាមេនី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





