ជនជាតិប៉ាឡេស្ទីន ៥នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមសេវាការពារជនស៊ីវិលរបស់តំបន់ហ្គាហ្សា បានឱ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតង់មួយជាជម្រកដល់ប្រជាជនដែលត្រូវបានបណ្តេញចេញនៅក្នុងទីក្រុងខាន់យូនីស ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យរបស់សេវាការពារជនស៊ីវិលបាននិយាយថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើតង់មួយនៅក្នុងតំបន់ Al-Mawasi ភាគខាងលិចនៃទីក្រុងខាន់យូនីស ដោយបានសម្លាប់មនុស្សទាំង ៥នាក់នៅខាងក្នុងតង់នោះ។ សាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Kuwaiti Field ដែលនៅក្បែរនោះ។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។
ទូរទស្សន៍ប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ដែលជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនពិពណ៌នាថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
មុននេះបន្តិចនៅថ្ងៃដដែល យោធាអ៊ីស្រាអែលបាននិយាយថា ទាហាន ៥នាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចជាមួយពួកសកម្មប្រយុទ្ធដែលបានចេញពីផ្លូវរូងក្រោមដីមួយនៅភាគខាងកើតទីក្រុងរ៉ាហ្វាហ៍។
យោធាបាននិយាយថា ការស៊ើបអង្កេតបឋមបានរកឃើញថា កងទ័ពបានបាញ់សម្លាប់ពួកសកម្មប្រយុទ្ធ ២នាក់ដែលបានចូលទៅជិតពួកគេ។ មិនយូរប៉ុន្មាន បុរសទីបីដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ភ្លាមៗនោះបានដាក់ឧបករណ៍បំផ្ទុះនៅលើរថពាសដែកមួយគ្រឿង ហើយរត់គេចខ្លួន។
ទូរទស្សន៍សាធារណៈ KAN របស់អ៊ីស្រាអែលបានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតែលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីនៃទីក្រុងរ៉ាហ្វាហ៍ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបន្តប្រតិបត្តិការដើម្បីចាប់ខ្លួនពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





