រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ជីន ណូអែល បាររ៉ុត (Jean-Noel Barrot) កាលពីថ្ងៃពុធ នៅទីក្រុងប៉េកាំង។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៤ របស់ប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) មកកាន់ប្រទេសចិន។ លោកបានមានប្រសាសន៍ថា រាល់កិច្ចប្រជុំរវាងប្រមុខរដ្ឋទាំងពីរមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងចិន-បារាំងប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិផងដែរ។
លោក វ៉ាង បានមានប្រសាសន៍ថា នៅចំពោះមុខបញ្ហាប្រឈមសកលដ៏ស្មុគស្មាញនាពេលបច្ចុប្បន្នដែលចាំបាច់ត្រូវបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងទទួលខុសត្រូវរួមគ្នាក្នុងនាមជាប្រទេសធំៗ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយលោកបានកត់សម្គាល់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចនេះនឹងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន-បារាំង។
លោក វ៉ាង បានបន្ថែមថា «ប្រទេសចិនសង្ឃឹម និងជឿជាក់ថា ប្រទេសបារាំងនឹងបន្តយល់ស្រប និងគាំទ្រជំហរស្របច្បាប់របស់ខ្លួន»។
លោក បាររ៉ុត បាននិយាយថា លោក ម៉ាក្រុន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន ដោយលោកបានកត់សម្គាល់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសបារាំង និងប្រទេសចិនមានកាតព្វកិច្ចរួមគ្នាថែរក្សាសន្តិភាពពិភពលោកតាមរបៀបស្ថាបនា។
លោកបានបន្ថែមថា ភាគីបារាំងប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះគោលនយោបាយចិនតែមួយ ហើយទន្ទឹងរង់ចាំពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរតាមរយៈដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





