លោក លី អំពាវនាវឱ្យមានវិធានការដើម្បីរក្សាស្ថិរភាពតម្លៃទំនិញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បានណែនាំជំនួយការរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ឱ្យដាក់ចេញនូវវិធានការដើម្បីរក្សាស្ថិរភាពតម្លៃទំនិញ និងបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន។
លោក លី បានធ្វើការកត់សម្គាល់ខាងលើនេះក្នុងអំឡុងពេលជួបជាមួយលេខាធិការជាន់ខ្ពស់ និងជំនួយការរបស់លោក ខណៈដែលតម្លៃទំនិញប្រើប្រាស់កាលពីខែមុនបានកើនឡើង ២,៤% ពីឆ្នាំមុន។
លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតីថា «ដោយសារអតិផរណាបានកើនឡើងថ្មីៗនេះ វាកំពុងដាក់បន្ទុកយ៉ាងច្រើនទៅលើជីវភាពរស់នៅរបស់ប្រជាជន»។
លោកបាននិយាយថា «ខ្ញុំសូមស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើការត្រួតពិនិត្យឱ្យបានយ៉ាងហ្មត់ចត់នូវស្ថានភាពផ្គត់ផ្គង់-តម្រូវការនៃទំនិញប្រើប្រាស់សំខាន់ៗ និងចាត់វិធានការគោលនយោបាយជាមុនដើម្បីរក្សាស្ថិរភាពតម្លៃ»។
លោក លី បានជំរុញម្តងទៀតដល់ជំនួយការរបស់លោកឱ្យពិនិត្យមើលករណីដែលតម្លៃត្រូវបានដំឡើងតាមរយៈការកំណត់មិនយុត្តិធម៌ ឬប្រាក់ចំណេញមិនយុត្តិធម៌ដែលត្រូវបានធ្វើឡើងដោយការរំលោភអំណាចផ្តាច់មុខ។
បើទោះបីជាមានស្ថានភាពលំបាកនៅក្នុងស្រុក និងក្រៅប្រទេសក៏ដោយ ក៏លោក លី បាននិយាយថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជន ដោយចំនួនសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ៧០០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





