លោក ម៉ាក្រុន ជួបជាមួយលោក ស៊ី ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីបារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុន (Emmanuel Macron) បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងជំរុញមេដឹកនាំចិនឱ្យជួយធានាឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម។
លោក ម៉ាក្រុន និងភរិយារបស់លោក គឺលោកស្រី ប្រ៊ីជីតតេ (Brigitte) ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយលោក ស៊ី និងភរិយារបស់លោក គឺលោកស្រី ផេង លីយ័ន (Peng Liyuan) ទៅកាន់សាលធំប្រជាជន ជាកន្លែងដែលពិធីស្វាគមន៍ត្រូវបានផ្លាស់ប្តូរទៅក្នុងគេហដ្ឋានវិញដោយសារតែអាកាសធាតុត្រជាក់។
លោក ម៉ាក្រុន បានថើបពីចម្ងាយទៅកាន់ក្មេងៗដែលកាន់ផ្កា និងស្វាគមន៍លោកប្រធានាធិបតី ខណៈដែលក្រុមតន្រ្តីមួយក្រុមបានលេងភ្លេងជាតិនៃប្រទេសទាំងពីរ។
ប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកទីបួនចាប់តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០១៧ មកនោះ ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) មុនពេលធ្វើដំណើរទៅកាន់ទីក្រុងឆឹងទូ ជាកន្លែងដែលខ្លាឃ្មុំផេនដាយក្សពីរក្បាលដែលបារាំងបានខ្ចីពីចិនត្រូវបានប្រគល់មកវិញកាលពីពេលថ្មីៗនេះ។
លោក ម៉ាក្រុន បានព្យាយាមដាក់សម្ពាធលើលោក ស៊ី ឱ្យជួយធានាឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ខណៈដែលសង្គ្រាមជាមួយរុស្ស៊ីកំពុងអូសបន្លាយដល់រដូវរងាទីបួន។
រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអ៊ែល បារ៉ុត (Jean-Noel Barrot) បាននិយាយថា «យើងកំពុងពឹងផ្អែកលើប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ... ដើម្បីឱ្យរុស្ស៊ី ជាពិសេស លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អាចយល់ព្រមទៅលើបទឈប់បាញ់»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





