ចិន-វៀតណាម ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន QR Code
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិន និងវៀតណាមកាលពីថ្ងៃអង្គារ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់តាមលេខកូដ QR ទ្វេភាគី នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលជាការចាប់ផ្តើមដាក់ឱ្យដំណើរការសេវាកម្មនេះនៅក្នុងទីផ្សារវៀតណាម។
គម្រោងនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មកពីប្រទេសចិនធ្វើការទូទាត់ប្រាក់នៅតាមអាជីវករដែលទទួលយកប្រព័ន្ធលេខកូដ QR ជាតិវៀតណាម VietQR ដោយប្រើប្រាស់ឧបករណ៍ទូទាត់ប្រាក់តាមទូរស័ព្ទរបស់ប្រទេសចិននៅក្នុងប្រទេសវៀតណាម។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ង្វៀន កាងមិញ (Nguyen Quang Minh) នាយកប្រតិបត្តិនៃសាជីវកម្មទូទាត់ប្រាក់ជាតិវៀតណាម បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមលេខកូដ QR ទ្វេភាគី តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
លោក វ៉ាង លីស៊ីន (Wang Lixin) នាយកប្រតិបត្តិនៃក្រុមហ៊ុនUnionPay International បានសង្កត់ធ្ងន់ថា គម្រោងនេះនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកដល់អាជីវកម្ម និងអ្នកប្រើប្រាស់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





