ចិន និងរុស្ស៊ី ជំរុញការសម្របសម្រួលជាយុទ្ធសាស្ត្រឆ្ពោះទៅរកគុណភាពខ្ពស់ជាងមុន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិន និងរុស្ស៊ី បានព្រមព្រៀងគ្នាដើម្បីអនុវត្តន៍ឱ្យបានពេញលេញនូវការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ស្តីពីសន្តិសុខជាយុទ្ធសាស្ត្រ និងជំរុញការសម្របសម្រួលជាយុទ្ធសាស្ត្រទ្វេភាគីឆ្ពោះទៅរកគុណភាពខ្ពស់ជាងមុន។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរវាងលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជានាយកការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស និងលោក សើហ្គេយ សយហ្គូ (Sergei Shoigu)លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។
លោក វ៉ាង និងលោក សយហ្គូ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រចិន-រុស្ស៊ី លើកទី២០ក្នុងអំឡុងពេលដែលភាគីទាំងពីរបានធ្វើការទំនាក់ទំនងដ៏ទូលំទូលាយ និងស៊ីជម្រៅលើបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍សន្តិសុខជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ សម្រេចបាននូវការឯកភាពគ្នាថ្មី និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ។
លោក វ៉ាង បានកត់សម្គាល់ថា ទំនាក់ទំនងចិន-រុស្ស៊ី សម្រេចបានការអភិវឌ្ឍកម្រិតកំពូលនៅឆ្នាំនេះ។ ជាពិសេស ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បានជួបគ្នាពីរដងនៅឆ្នាំនេះ ម្តងនៅទីក្រុងមូស្គូ និងម្តងនៅទីក្រុងប៉េកាំង ដោយលោកទាំងពីរផ្តល់ការណែនាំសម្រាប់ការអភិវឌ្ឍជាលំដាប់នៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលបរិយាកាសស្មុគស្មាញ និងកំពុងផ្លាស់ប្តូរ។
លោក វ៉ាង បានកត់សម្គាល់ថា ឆ្នាំក្រោយគឺជាខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូសម្របសម្រួលយុទ្ធសាស្ត្រចិន-រុស្ស៊ី និងខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាពចិន-រុស្ស៊ី ហើយនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ី ក្នុងយុគសម័យថ្មី។
លោក សយហ្គូ បាននិយាយថា ប្រទេសរុស្ស៊ី និងចិនត្រូវពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ហើយភូមិសាស្ត្រនយោបាយអន្តរជាតិកំពុងឆ្លងកាត់ការផ្លាស់ប្តូរស្មុគស្មាញ និងបញ្ហាប្រឈមសន្តិសុខសកលកំពុងកើនឡើង។
លោកបាននិយាយថា ការសម្របសម្រួលជាយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន គឺស្ថិតនៅកម្រិតកំពូលមិនធ្លាប់មានពីមុនមក ដែលស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ដល់សន្តិភាពក្នុងតំបន់ និងសកលលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





