ទីប្រឹក្សានយោបាយជាន់ខ្ពស់ចិនបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- លោក វ៉ាង ហ៊ូនីង (Wang Huning) ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រទេសចិន បានដឹកនាំគណៈប្រតិភូបក្ស និងរដ្ឋាភិបាលចិន ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ និងបានចូលរួមពិធីអបអរសាទរខួបលើកទី៥០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក វ៉ាង ដែលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន(CPPCC) និងគណៈប្រតិភូរបស់លោកបានធ្វើដំណើរមកដល់ប្រទេសនេះតបតាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) និងរដ្ឋាភិបាលឡាវ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកវ៉ាង បានជួបដាច់ដោយឡែកជាមួយ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្ស LPRP និងជាប្រធានាធិបតីឡាវ នាយករដ្ឋមន្ត្រីឡាវ លោក សូនេសាយ ស៊ីផាន់ដន (Sonexay Siphandone) និងប្រធានរដ្ឋសភាឡាវ លោក សាយសំផន ភូមិវីហាន (SaysomphonePhomvihane)។ លោកក៏បានជួបពិភាក្សាជាមួយ លោក ស៊ីនឡាវង់ ឃុតផៃថង (Sinlavong Khoutphaythoune) ប្រធានគណៈកម្មាធិការកណ្តាលនៃរណសិរ្សឡាវសម្រាប់អភិវឌ្ឍន៍ជាតិ (LFND) ផងដែរ។
លោក ថងលួន បានអបអរសាទរប្រទេសចិនចំពោះការរៀបចំសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការកណ្តាលបក្ស CPC លើកទី២០ ដោយជោគជ័យ។ លោកបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររយៈពេលវែង និងមានតម្លៃរបស់ប្រទេសចិនដោយលោកបានកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយកិច្ចសហប្រតិបត្តិការបាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនឡាវ។ លោកបានមានប្រសាសន៍ថា ប្រទេសឡាវប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសចិនដើម្បីពង្រឹងការកសាងសហគមន៍ឡាវ-ចិន ដែលមានអនាគតរួម ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការកត់សម្គាល់ខុសឆ្គង ឬសកម្មភាពណាមួយដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
លោក សូនេសាយ បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសឡាវចំពោះប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួននិងបានបង្ហាញពីឆន្ទៈរបស់ប្រទេសលោកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិននិងរួមគ្នាកសាងសហគមន៍ឡាវ-ចិន ដែលមានស្តង់ដារខ្ពស់ គុណភាពខ្ពស់និងកម្រិតកំពូលជាមួយអនាគតរួម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





