មីយ៉ាន់ម៉ាបង្កើនការបង្ក្រាបលើមជ្ឈមណ្ឌលបោកប្រាស់ឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- អាជ្ញាធរមីយ៉ាន់ម៉ាកំពុងពង្រឹងប្រតិបត្តិការប្រឆាំងនឹងការឆបោកតាមអនឡាញ និងបណ្តាញល្បែងស៊ីសងខុសច្បាប់ ដោយបន្តរុះរើរចនាសម្ព័ន្ធខុសច្បាប់នៅក្នុងតំបន់ Myawady-Mae Htaw Tha Lay (ដែលគេស្គាល់ថាជាតំបន់ឧទ្យាន KK) និងបានឃុំខ្លួនជនបរទេសដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះនៅតំបន់ ShweKokko។
គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អគារខុសច្បាប់សរុបចំនួន២៧០ក្នុងចំណោម ៦៣៥ នៅក្នុងតំបន់ឧទ្យាន KK ត្រូវបានរុះរើ។
នៅក្នុងតំបន់ Shwe Kokko ប្រតិបត្តិការបោសសម្អាតបានចាប់ផ្តើមនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមជាមួយនឹងការត្រួតពិនិត្យគោលដៅលើកន្លែងដែលប្រើប្រាស់សម្រាប់ការឆបោកតាមអនឡាញ។ នៅចន្លោះថ្ងៃទី១៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរបានកំណត់អត្តសញ្ញាណអគារខុសច្បាប់ចំនួន១៣៥ ដែលត្រូវបានបិទជិតដើម្បីការពារការប្រើប្រាស់ឡើងវិញរបស់ពួកគេ។
យោងតាមតួលេខដែលបានធ្វើបច្ចុប្បន្នភាពពីតំបន់ Shwe Kokkoបានឱ្យដឹងថា ជនបរទេសចំនួន ២.០៤២នាក់ដែលបានចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ត្រូវបានរកឃើញ រួមជាមួយនឹងកុំព្យូទ័រចំនួន៣.៣១០គ្រឿង ទូរស័ព្ទដៃចំនួន ២១.៨៧០គ្រឿង ឧបករណ៍ចាប់សេវាអ៊ីនធើណែតពីផ្កាយរណបចំនួន ១០២គ្រឿង រ៉ោតទ័រចំនួន ២២គ្រឿង និងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ក្នុងប្រតិបត្តិការល្បែងស៊ីសងតាមអនឡាញ។ វត្ថុដែលរឹបអូសបានទាំងនោះត្រូវបានបំផ្លាញជាប្រព័ន្ធ ហើយសកម្មភាពបោសសម្អាតនៅតែបន្ត។
ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសមីយ៉ាន់ម៉ាបានឃុំខ្លួនជនបរទេសសរុបចំនួន ១២.៩១៥នាក់ដែលចូលទៅក្នុងប្រទេសនេះដោយខុសច្បាប់។ បន្ទាប់ពីការផ្ទៀងផ្ទាត់ ១០.០២៩នាក់ក្នុងចំណោមពួកគេត្រូវបាននិរទេសជាប្រព័ន្ធទៅកាន់ប្រទេសពាក់ព័ន្ធតាមរយៈប្រទេសថៃ ស្របតាមនីតិវិធីច្បាប់។ ជាង ២.៨៨០នាក់ផ្សេងទៀតកំពុងត្រូវបានរៀបចំសម្រាប់ការផ្ទេរទៅកាន់ប្រទេសពួកគេរៀងៗខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





