ប៊ែលហ្ស៊ិកមិនយល់ស្របទៅនឹងសំណើរបស់គណៈកម្មការសហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីទេ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសប៊ែលហ្ស៊ិកលោក ម៉ាស៊ីម ព្រែវ៉ូត (Maxime Prevot) បាននិយាយកាលពីថ្ងៃពុធថាប្រទេសប៊ែលហ្ស៊ិកមិនយល់ស្របទាំងស្រុងជាមួយនឹងសំណើរបស់គណៈកម្មការអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីទេ ដោយបានចាត់ទុកថាវាមានហានិភ័យខ្លាំង។
លោក ព្រែវ៉ូត បានប្រាប់អ្នកសារព័ត៌មានមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការណាតូថា «យើងបាននិយាយម្តងហើយម្តងទៀតថាយើងចាត់ទុកជម្រើសនៃប្រាក់កម្ចីមានសំណងថាជារឿងអាក្រក់បំផុត ព្រោះវាមានហានិភ័យ ហើយវាមិនធ្លាប់មានពីមុនមកទេ»។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា ប្រទេសប៊ែលហ្ស៊ិកជឿជាក់ថា ខ្លួនកំពុងត្រូវបានស្នើសុំឱ្យបង្ហាញអំពីសាមគ្គីភាពទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី។
គណៈកម្មការអឺរ៉ុប បាននិងកំពុងស្វែងរកវិធីដើម្បីឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុបប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ចំនួនទឹកប្រាក់ដែលពាក់ព័ន្ធមានប្រហែល១៤០ប៊ីលានអឺរ៉ូ (១៦២ប៊ីលានដុល្លារអាម៉េរិក) ក្នុងទម្រង់ជា «ប្រាក់កម្ចីមានសំណង» ដែលអ៊ុយក្រែននឹងត្រូវសងវិញតាមលក្ខខណ្ឌ បន្ទាប់ពីបញ្ចប់ជម្លោះ និងក្នុងករណី «ទទួលបានសំណងសម្រាប់ការខូចខាតសម្ភារៈពីទីក្រុងម៉ូស្គូ»។
បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក សហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានបង្កកទុនបម្រុងរូបិយប័ណ្ណបរទេសប្រមាណជិតពាក់កណ្តាលរបស់រុស្ស៊ី ដែលមានចំនួនសរុបប្រហែល ៣០០ប៊ីលានអឺរ៉ូ។ នៅក្នុងនោះ ទ្រព្យសម្បត្តិប្រហែល ២០០ប៊ីលានអឺរ៉ូត្រូវបានរក្សាទុកក្នុងគណនីអឺរ៉ុប ដែលភាគច្រើននៅក្នុងធនាគារEuroclear របស់ប៊ែលហ្ស៊ិក។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថាការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានរារាំង នឹងត្រូវបានចាត់ទុកថាជាការលួចទ្រព្យសម្បត្តិ និងធ្វើឱ្យខូចទំនុកចិត្តនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





