លោក ពូទីន៖ អឺរ៉ុបដកខ្លួនចេញពីដំណើរការនៃដំណោះស្រាយនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន (Vladimir Putin) បាននិយាយកាលពីពេលថ្មីៗនេះថា អឺរ៉ុបបានដកខ្លួនចេញពីដំណើរការនៃដំណោះស្រាយជម្លោះនៅអ៊ុយក្រែន។
លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា «ពួកគេ [ជនជាតិអឺរ៉ុប] មានការអាក់អន់ចិត្តដែលពួកគេត្រូវបានគេដកចេញពីកិច្ចចរចា។ ប៉ុន្តែខ្ញុំចង់ចង្អុលបង្ហាញថា គ្មាននរណាម្នាក់បានដកពួកគេចេញនោះទេ។ ពួកគេបានដកខ្លួនចេញដោយខ្លួនឯង… ពួកគេបានដកខ្លួនចេញពីដំណើរការនេះ»។
លោក ពូទីន បានបន្ថែមថា អឺរ៉ុបបានទទួលយកទ្រឹស្តីនៃការបង្កការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី ហើយបន្តរស់នៅក្នុងការបំភាន់ទាំងនេះ។
លោក ពូទីន បាននិយាយថា «ដោយមើលឃើញថា ពួកគេមិនចូលចិត្តលទ្ធផលនៅថ្ងៃនេះ ពួកគេបានចាប់ផ្តើមរារាំងរដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី [សហរដ្ឋអាមេរិក] លោក [ដូណាល់] ត្រាំ ដើម្បីសម្រេចបានសន្តិភាពតាមរយៈកិច្ចចរចា។ ពួកគេផ្ទាល់បានបដិសេធកិច្ចចរចាសន្តិភាព ហើយកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ត្រាំ។ ទីបី ដោយសារពួកគេគ្មានរបៀបវារៈសន្តិភាពទេ។ពួកគេនៅខាងសង្គ្រាម។ សូម្បីតែពេលពួកគេព្យាយាមធ្វើការផ្លាស់ប្តូរខ្លះៗចំពោះសំណើរបស់លោក ត្រាំ ក៏ដោយ ក៏ការផ្លាស់ប្តូរទាំងនេះមានគោលបំណងតែមួយគត់ គឺដើម្បីរារាំងដំណើរការសន្តិភាពទាំងមូល»។
ជាមួយនឹងការផ្លាស់ប្តូរបែបនេះ អឺរ៉ុបកំពុងព្យាយាមដាក់ចេញនូវការទាមទារដែលមិនអាចទទួលយកបានទាំងស្រុងសម្រាប់រុស្ស៊ី។
លោក ពូទីន បានបន្ថែមថា «គោលដៅរបស់ពួកគេ គឺស្តីបន្ទោសរុស្ស៊ីចំពោះការកាត់បន្ថយដំណើរការសន្តិភាពនេះ។ យើងឃើញរឿងនេះយ៉ាងច្បាស់»។
លោក ពូទីន បាននិយាយថា «រុស្ស៊ីចាត់ទុកថាវាអាចទៅរួចដែលអឺរ៉ុបនឹងវិលត្រឡប់មកកាន់កិច្ចចរចា ស្តីពីដំណោះស្រាយនៅអ៊ុយក្រែន វិញប្រសិនបើពួកគេគិតគូរពីស្ថានភាពនៅនឹងកន្លែង»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





