បិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិនៃពានរង្វាន់IDOL លើកទី២ ឆ្នាំ២០២៥
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិនៃពានរង្វាន់ IDOL លើកទី២ ឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រ មិត្តភាពជាតិ-អន្តរជាតិលើកទី១ ឆ្នាំ២០២៥ ដែលមានរយៈពេលចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណទីលានតេជោ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានលើកទឹកចិត្តដល់សមាគម និងក្លឹបកីឡា ទាញព្រ័ត្រទូទាំងរាជធានី ខេត្ត ដែលបាន និងកំពុងជ្រើសរើសកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិនៃពានរង្វាន់IDOL លើកទី២ ឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រ មិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដើម្បីប្រែក្លាយពីកីឡាប្រពៃណីទៅជាការប្រកួតទាញព្រ័ត្រថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់ជាតិ អន្តរជាតិ និងលក្ខណៈជាពានរង្វាន់ ឬជាហ្គេមផងដែរ។ យោងតាមផែននៃការប្រកួតប្រចាំឆ្នាំ២០២៥របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រោមគម្រោងគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដោយមានគោលបំណងសំខាន់ៗ ដើម្បីចូលរួមថែរក្សាអភិវឌ្ឍន៍ និងអភិរក្សល្បែងទាញព្រ័ត្រ ដែលជាល្បែងមួយដែលមានប្រជាប្រិយភាពមានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ដូចនេះហើយយើងត្រូវអភិវឌ្ឍន៍ពីល្បែងទាញព្រ័ត្រឱ្យទៅជាការរៀបចំការប្រកួតលក្ខណៈជ្រើសរើសជើងឯកថ្នាក់ជាតិ និងជ្រើសជើងឯកកម្រិតអាស៊ាន អាស៊ី និងពិភពលោក ព្រមទាំងប្រែក្លាយទៅជាកីឡាដែលមានសក្តានុពលតំណាងជាតិលើ ឆាកអន្តរជាតិ ដែលជាគោលដៅជ្រើសរើសកីឡាករ កីឡាការិនី មានសមត្ថភាពល្អៗ និងឆ្នើមសម្រាប់ត្រៀមចូលរួមការ ប្រកួតលក្ខណៈអន្តរជាតិនានា ទៅតាមការអញ្ជើញរបស់សហព័ន្ធទាញព្រ័ត្រអន្តរជាតិ គឺដើម្បីបំផុស និងជំរុញវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ និងទទួលបានការគាំទ្រ ព្រមទាំងមានការចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ជាពិសេសចូលរួមអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបតិកភ័ណ្ឌពិភពលោក។

ការប្រកួតកីឡាទាញព្រ័ត្ររយៈពេល៣ថ្ងៃ មានក្រុមកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន១៤ក្រុម ដូចជា៖ ១. សមាគមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ២. សមាគមបញ្ជាការដ្ឋានកងទ័ពជើងទឹក ៣.សមាគមមជ្ឍមណ្ឌលកីឡា ខ.ភ.ម ៤. សមាគមអង្គភាពកីឡានគរបាលជាតិ ៥. សមាគមរាជធានីភ្នំពេញ ៦. សមាគមខេត្តព្រះសីហនុ ៧. សមាគមខេត្តស្វាយរៀង ៨. សមាគមខេត្តកំពង់ឆ្នាំង ៩.សមាគមខេត្តបាត់ដំបង ១០. សមាគមខេត្តកណ្តាល ១១. សមាគមខេត្តកែប ១២. សមាគមខេត្តកំពង់ស្ពឺ ១៣. សមាគមខេត្តកំពត ១៤. សមាគមខេត្តតាកែវក្នុងការប្រកួតលើវិញ្ញាសាចំនួន៤ មាន វិញ្ញាសាបុរសប្រភេទទម្ងន់៦០០គីឡូក្រាម។

ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ១បានទៅសមាគមកីឡាទាញព្រ័ត្រខេត្តកំពត ចំណាត់ថ្នាក់លេខ២. សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងលេខ៣. សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង។ វិញ្ញាសាបុរសប្រភេទទម្ងន់៣០០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ សមាគមកីឡាទាញព្រ័ត្រខេត្តកំពត ចំណាត់ថ្នាក់លេខ២ សមាគមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងចំណាត់ថ្នាក់លេខ៣ សមាគមបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ចំពោះវិញ្ញាសានារី ប្រភេទទម្ងន់៥០០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ លេខ២ សមាគមកីឡាទាញព្រ័ត្របញ្ជាការដ្ឋានកងទ័ពជើងទឹក និងចំណាត់ថ្នាក់លេខ៣ សមាគមខេត្តស្វាយរៀង និងវិញ្ញាសានារីប្រភេទទម្ងន់២៥០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ សមាគមកីឡាទាញព្រ័ត្របញ្ជាការដ្ឋានកងទ័ពជើងទឹក ចំណាត់ថ្នាក់លេខ២ សមាគមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ និងចំណាត់ថ្នាក់លេខ៣ សមាគមខេត្តកំពត៕
ដោយ ងូ សុមុនី





