មនុស្ស ៦០៤នាក់ស្លាប់ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីនៅឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ -- ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីកាលពីពេលថ្មីៗនេះនៅទូទាំងខេត្តចំនួនបីនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ៦០៤នាក់និង ៤៦៤នាក់ផ្សេងទៀតកំពូងបាត់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB)។
ទីភ្នាក់ងារនេះបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តយ៉ាងពេញទំហឹងនៅទូទាំងតំបន់ដែលរងផលប៉ះពាល់។
ទីភ្នាក់ងារនេះបានរាយការណ៍ថា គ្រោះទឹកជំនន់បានធ្វើឱ្យមនុស្សប្រហែល ៥៧០.០០០នាក់ត្រូវបានជម្លៀសចេញពីខេត្តស៊ូម៉ាត្រាខាងជើង ស៊ូម៉ាត្រាខាងលិច និងខេត្តអាសេ។ ការខូចខាតផ្លូវថ្នល់ និងការរំខានដល់បណ្តាញទំនាក់ទំនងបានធ្វើឱ្យតំបន់ដែលរងផលប៉ះពាល់មួយចំនួនមិនអាចចូលទៅដល់បាន ដោយសម្ភារៈសង្គ្រោះត្រូវបានដឹកជញ្ជូនជាចម្បងតាមផ្លូវអាកាស។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (PrabowoSubianto) បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងផ្តល់ជំនួយរបស់រដ្ឋាភិបាលកំពុងត្រូវបានជំរុញយ៉ាងពេញលេញ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូណេស៊ីត្រូវតែឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ ហើយរដ្ឋាភិបាលមូលដ្ឋានគួរតែដើរតួនាទីកាន់តែខ្លាំងជាងមុនក្នុងការការពារបរិស្ថាន និងក្នុងការរៀបចំសម្រាប់ព្រឹត្តិការណ៍អាកាសធាតុអាក្រក់នាពេលអនាគត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





