រដ្ឋាភិបាលហុងកុងសន្យាផ្តល់លំនៅដ្ឋានដោយឥតគិតថ្លៃសម្រាប់ជនរងគ្រោះដោយអគ្គីភ័យនៅសង្កាត់តៃប៉ូ រហូតដល់អាគារលំនៅដ្ឋាននោះត្រូវបានសាងសង់ឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ -- លោកស្រី អាលីស ម៉ាក ម៉ី-គួន (Alice Mak Mei-kuen) លេខាធិការទទួលបន្ទុកកិច្ចការលំនៅដ្ឋាន និងយុវជន នៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាល HKSAR នឹងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះអគ្គីភ័យនៅសង្កាត់តៃប៉ូ នឹងទទួលបានលំនៅដ្ឋានស្នាក់នៅដោយឥតគិតថ្លៃ រហូតដល់ផ្ទះរបស់ពួកគេត្រូវបានសាងសង់ឡើងវិញ។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយ លោកស្រី ម៉ាក បាននិយាយថាគោលដៅរបស់រដ្ឋាភិបាល HKSAR គឺផ្លាស់ប្តូរទីលំនៅប្រហែល១.៩០០គ្រួសារដែលរងផលប៉ះពាល់ ទៅជាលំនៅដ្ឋានអន្តរកាល ឬកន្លែងស្នាក់នៅផ្សេងទៀតក្នុងរយៈពេលមួយទៅពីរសប្តាហ៍ ហើយរហូតមកដល់ពេលនេះ មានកន្លែងស្នាក់នៅជាង ១.៨០០ត្រូវបានធានារួចហើយ។លោកស្រីបាននិយាយថា រដ្ឋាភិបាល HKSAR នឹងអនុម័តការរៀបចំដែលអាចបត់បែនបាន ដើម្បីបំពេញតម្រូវការលំនៅដ្ឋានរបស់គ្រួសារនីមួយៗ។
លោកស្រី មីឈែល វ៉ូង (Michael Wong) អនុលេខាធិការហិរញ្ញវត្ថុនៃរដ្ឋាភិបាល HKSAR និងជាប្រធានក្រុមការងារ ស្តីពីការរៀបចំកន្លែងស្នាក់នៅបន្ទាន់ បាននិយាយថា ដោយមានកន្លែងស្នាក់នៅជាង ២.០០០ ដែលមាននៅក្នុងលំនៅដ្ឋានអន្តរកាល និងអចលនទ្រព្យលំនៅដ្ឋានឡើងវិញរបស់សមាគមលំនៅដ្ឋាន ដូច្នេះការផ្គត់ផ្គង់គួរតែគ្រប់គ្រាន់ហើយដើម្បីបំពេញតម្រូវការរបស់អ្នកស្នាក់នៅ។
លោកស្រី ម៉ាក ក៏បាននិយាយនៅពេលមុននេះផងដែរថា រដ្ឋាភិបាលHKSAR នឹងរៀបចំលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋស្នាក់នៅរយៈពេលវែង ដោយលោកស្រីបានសង្កត់ធ្ងន់ថា ការគាំទ្រទាំងអស់ដែលផ្តល់ដោយអាជ្ញាធរនឹងមិនគិតថ្លៃទេ រួមទាំងការផ្តល់ការតភ្ជាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ។
អគ្គីភ័យដែលបានឆាបឆេះនៅក្នុងអគារលំនៅដ្ឋានវ៉ាងហ្វ៊ុក ក្នុងសង្កាត់តៃប៉ូ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឆក់យកជីវិតមនុស្សចំនួន១៤៦នាក់ហើយរហូតមកដល់ពេលនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





