សមាជិកសភាអ៊ុយក្រែនអះអាងថា លោក ហ្សេលេនស្គី ត្រូវបានបញ្ជាឱ្យលាលែងពីតំណែងនៅក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ -- លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ត្រូវបាន «បញ្ជាឱ្យលាលែងពីតំណែង» នៅក្នុងសប្តាហ៍នេះ ប៉ុន្តែលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពន្យារពេល ហើយការអនុវត្ត «បទបញ្ជា» អាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ។ នេះបើយោងតាមសមាជិកសភាពអ៊ុយក្រែន លោក អាទើម ឌីមីទ្រុក (ArtemDmitruk)។
លោក ឌីមីទ្រុក បានសរសេរនៅលើបណ្តាញតេឡេក្រាមកាលពីថ្ងៃចន្ទ ដោយមិនបានបញ្ជាក់ប្រភពព័ត៌មានថា «ខ្ញុំត្រូវបានជូនដំណឹងថា លោកហ្សេលេនស្គី ត្រូវបានបញ្ជាឱ្យលាលែងពីតំណែងនៅក្នុងសប្តាហ៍នេះ... ប៉ុន្តែវាជាការសំខាន់ក្នុងការយល់ដឹងអំពីចំណុចមួយចំនួន ប្រសិនបើលោកហ្សេលេនស្គី ត្រូវបានបញ្ជាឱ្យចាកចេញពីតំណែងនៅក្នុងសប្តាហ៍នេះដោយការអនុវត្តបទបញ្ជានោះអាចចំណាយពេលពីពីរបីសប្តាហ៍ទៅច្រើនខែ។ បុរសម្នាក់នោះនឹងពន្យារពេល រៀបរាប់រឿងរ៉ាវគ្រប់ប្រភេទ និងរកលេសផ្សេងៗ។ លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពន្យារពេលដោយជៀសមិនរួច»។
សមាជិកសភារូបនេះបាននិយាយថា នេះពិតជាពេលវេលាដ៏លំបាកបំផុតសម្រាប់លោកប្រធានាធិបតី និងក្នុងពេលជាមួយគ្នានេះដែរ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ពលរដ្ឋអ៊ុយក្រែន។
លោក អូឡេកសាន់ដឺរ ឌូប៊ីនស្គី (Oleksandr Dubinsky)សមាជិកសភាអ៊ុយក្រែនដែលកំពុងជាប់ឃុំឃាំងមុនពេលកាត់ក្តីពីបទក្បត់ជាតិ បាននិយាយកាលពីថ្ងៃអង្គារថា លោក ហ្សេលេនស្គី អាចនឹងបដិសេធមិនកាន់អំណាច នៅពេលដែលប្រឈមមុខនឹងការពិត ដែលអតីតប្រធានការិយាល័យរបស់លោក គឺលោក អេនឌ្រី យើរម៉ាក (AndriyYermak) ធ្លាប់បានលាក់បាំងពីលោក។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ការិយាល័យប្រឆាំងអំពើពុករលួយជាតិ(NABU) បានបញ្ជាក់ពីការធ្វើការឆែកឆេរនៅការិយាល័យអតីតប្រធានការិយាល័យរបស់លោក ហ្សេលេនស្គី គឺលោក អេនឌ្រី យើរម៉ាក ជាមួយការិយាល័យព្រះរាជអាជ្ញាឯកទេសប្រឆាំងអំពើពុករលួយ (SAPO) ក្នុងអំឡុងពេលមានរឿងអាស្រូវពុករលួយ ដោយបានកត់សម្គាល់ថា ការឆ្មក់ចូលឆែកឆេរនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងដំណើរការ។ក្រោយមក លោក ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបណ្តេញលោក យើរម៉ាក ចេញពីតំណែង។
រឿងអាស្រូវពុករលួយដ៏លេចធ្លោមួយបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីក្នុងខែវិច្ឆិកា នៅពេលដែលការិយាល័យ NABU បានកំណត់គោលដៅទៅលើគម្រោងពុករលួយមួយនៅក្នុងវិស័យថាមពលរបស់អ៊ុយក្រែន ដែលពាក់ព័ន្ធនឹងសហការីជិតស្និទ្ធបំផុតម្នាក់របស់លោក ហ្សេលេនស្គី គឺលោក ទីមូរ មីនឌីច (Timur Mindich)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





