អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់សហការី និងកងកម្លាំងទាំងបីត្រូវខិតខំពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការផ្ដល់សេវាក៏ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ
AKP កំពង់ធំ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់សហការី និងកងកម្លាំងទាំងបីត្រូវខិតខំពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការផ្ដល់សេវាក៏ដូចជារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងទាំង៣ព្រមទាំងប្រជាពលរដ្ឋងាយរងហានិភ័យ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។

លោក សាយ គឹមឡម បានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការគឺជាអ្នកបម្រើនិងជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់អស់ពីបេះដូង ដែលទទួលខុសត្រូវចំពោះមុខរាជការ និងជាអ្នកដែលផ្ដល់សេវាដោយផ្ទាល់ ហើយនៅជិតស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋបំផុត។ លោកអភិបាលស្រុកបានកោតសរសើរខ្ពស់ដល់សហការី កងកម្លាំងទាំង៣ដែលបានលះបង់កម្លាំងកាយចិត្ត និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយគុណភាពប្រសិទ្ធភាពព្រមទាំងមានទំនួលខុសត្រូវខ្ពស់បំផុត។

មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកស្ទោងនិងកងកម្លាំងទាំង៣បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកនិងលោក សាយ គឹមឡម អភិបាលស្រុកស្ទោងតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ក៏ដូចជាតែងតែលើកទឹកចិត្តពួកគាត់ក្នុងការអនុវត្តកិច្ចការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្ដាប់ក្នុងមូលដ្ឋានបានល្អប្រសើរកន្លងមក។

ក្នុងឱកាសនោះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ១ចំនួនដល់មន្ត្រីរាជការចំនួន៦៨នាក់ ប្រជាពលរដ្ឋងាយរងហានិភ័យ៣គ្រួសារ និងអង្គភាពកងកម្លាំងទាំងបីផងដែរ៕
ដោយ ស៊ុម វណ្ណា





