ឯកឧត្តម នួន ផារ័ត្ន ចែកអំណោយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅស្រុកសន្ទុក និងក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមកនៅស្រុកសន្ទុកចំនួន៤០៨គ្រួសារ និងក្រុងស្ទឹងសែនចំនួន៩៧៤គ្រួសារ។

ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា ចំពោះបញ្ហាទឹកជំនន់ទឹកភ្លៀងនៅរដូវវស្សាឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់លើផ្ទៃដីបង្កបង្កើនផលស្រូវ ប៉ះពាល់លើភូមិដ្ឋានប្រជាពលរដ្ឋ និងផ្ទះជាច្រើនខ្នង។ឯកឧត្តមបានបញ្ជាក់ថា នេះជាការឆ្លើយតបបានទាន់ពេលវេលានិងជាយន្តការអន្តរាគមន៍ឆាប់រហ័សក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យចុះតាមដានលើករណីគ្រោះទឹកជំនន់ឆ្នាំ២០២០៥បានរៀបចំក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយទឹកជំនន់ទឹកភ្លៀងបានទាន់ពេលវេលាក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំទាំងមូល។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត។ សូមណែនាំដល់កូនចៅ និងយុវជន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ សូមរក្សាសុខភាពឱ្យបានល្អព្រោះរដូវនេះជារដូវរងារធ្វើឱ្យប៉ះពាល់ដល់សុខភាពត្រូវតែបរិភោគចំណីអាហារមានអនាម័យ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការដាំដុះដំណាំចិញ្ចឹមសត្វនិងប្រកបមុខរបរផ្សេងៗទៀតទើបឱ្យជីវភាពគ្រួសារមានលក្ខណៈល្អប្រសើរ។

សូមបញ្ជាក់ថាអំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកសន្ទុកគ្រួសារ និងក្រុងស្ទឹងសែនសរុបចំនួន១៣៨២គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ ទឹកសុទ្ធ ១កេស មី ១កេសទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរនិងត្រីខ១យួរ៕

ដោយ ស៊ុម វណ្ណា





