ជើងឯកថ្នាក់ជាតិទាញព្រ័ត្ររៀបចំឡើងចំថ្ងៃអបអរខួប១០ឆ្នាំនៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥--ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ត្រូវបានប្រារព្ធធ្វើឡើង នៅទីលានតេជោ ខេត្តព្រះសីហនុ ដែលជាថ្ងៃដ៏ពិសេសនៃការអបអរសាទរខួប១០ឆ្នាំនៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិនេះ ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មានប្រសាសន៍ថា ជួសមុខឱ្យសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានសេចក្ដីសោមនស្សរីករាយបំផុត ដែលបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាពេលនេះ និងសូមអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥)។

ឯកឧត្តមបណ្ឌិត មាស សារិន បានលើកឡើងថា ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាព មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ដោយផ្អែកលើភស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្រ្ត ដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា ជាពិសេសនៅលើផ្ដែរ។ សារមន្ទីរជាតិកម្ពុជាមានដាក់តាំងផ្ដែរពីសម័យអង្គរមួយ ដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពីពួកទេវៈ និងពួកអសុរៈ ចង់បានទឹកអម្រឹតបានរួមគ្នាកូរសមុទ្រទឹកដោះ អស់រយៈពេលប្រហែលមួយពាន់ឆ្នាំ ហើយលេចចេញមកនូវរតនៈសម្បត្តិជាច្រើនឥតគណនា ក្នុងនោះមានព្រះនាងលក្សី្មផងដែរ។ ព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងល្បែងទាញព្រ័ត្ររបស់ខ្មែរដែរ។ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្ត្រី កម្លោះក្រមុំ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។

ល្បែងទាញព្រ័ត្រនេះមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទំាងបង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះ។ ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំងបញ្ចេញសមត្ថភាព ឱ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ ហើយល្បែងទាញព្រ័ត្រនេះ គឺមានដំណាលរឿងពីបុរាណខ្មែរយើង នៅក្នុងរឿងកូរសមុទ្រទឹកដោះ។ អ្វីដែលពិសេសនោះ គឺកីឡាទាញព្រ័ត្រក៏ជាប្រភេទកីឡាអូឡាំពិក នៅក្នុងចន្លោះឆ្នាំ១៩០០ ដល់ឆ្នាំ១៩២០ គឺត្រូវបានដាក់ក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក បានចំនួន ៥លើកផងដែរ។

បច្ចុប្បន្ន ល្បែងកីឡាទាញព្រ័ត្រមិនត្រឹមតែជាល្បែងប្រពៃណីនោះទេ ថែមទាំងជាកីឡាទាញព្រ័ត្រ កំពុងតែមានការអភិវឌ្ឍរីកចម្រើន និងពេញនិយមផងដែរ ជាក់ស្តែងកន្លងមកនេះក្រុមកីឡាទាញព្រ័ត្រកម្ពុជា ធ្លាប់ទទួលបានមេដាយ លើឆាកអន្តរជាតិផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត មាស សារិន បានអំពាវនាវដល់បងប្អូនប្រជាពលទាំងអស់ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកម្ពស់សុខមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានេះ ប្រធានសហព័ន្ធស្នើឱ្យកីឡាករ កីឡាការិនី ដែលចូលរួមក្នុងការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥នេះត្រូវយកចិត្តទុកដាក់ខិតខំបញ្ចេញអស់សមត្ថភាពក្នុងការប្រកួត ដោយយុត្តិធម៌ ឈរលើស្មារតីសាមគ្គីភាព គោរពវិន័យ និងអនុវត្តឱ្យបានល្អប្រសើរនូវបទបញ្ជា នៃការប្រកួត។ ចំពោះគណៈកម្មការរៀបចំការប្រកួត ជាពិសេសអាជ្ញាកណ្ដាល ចៅក្រមត្រូវអនុវត្តការងារប្រកួតនេះដោយឈរលើស្មារតីសុក្រិត និងយុត្តិធម៌ផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ-ពាន់រង្វាន់ IDOL លើកទី២ ឆ្នាំ២០២៥ និងការប្រកួតមិត្តភាព ជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី០២-០៣ ខែធ្នូ នៅខេត្តព្រះសីហនុ ដោយមានកីឡាករ កីឡាការិនីសរុប ២៤៨នាក់ ប្រកួតលើវិញ្ញាសាចំនួន៥។ ក្រៅពីនេះ ក៏មានការប្រកួត លក្ខណៈមិត្តភាពជាតិ-អន្តរជាតិ១ វិញ្ញាសាដែរ គឺវិញ្ញាសាចម្រុះ បុរស-នារី ៨នាក់ទល់៨នាក់៕
ដោយ ហេង ណាលីន





