អគ្គស្នងការនគរបាលស្តីទីកូរ៉េខាងត្បូង សុំទោសចំពោះសកម្មភាពរបស់ប៉ូលិសក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក
AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃចន្ទថា អគ្គស្នងការនគរបាលស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បានសុំទោសដល់ប្រជាជាតិចំពោះសកម្មភាពរបស់មន្រ្តីប៉ូលិសក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក ដែលមានអាយុកាលខ្លីកាលពីឆ្នាំមុន។
លោក យូ ជេសឹង (Yoo Je-seong) បាននិយាយថា «ប៉ូលិសបានរឹតត្បិតការចេញចូលរបស់អ្នកតាក់តែងច្បាប់នៅជុំវិញរដ្ឋសភាកាលពីយប់ថ្ងៃទី០៣ ខែធ្នូ (ឆ្នាំ២០២៤)» ដោយលោកបានបន្ថែមថា «ទង្វើនេះបានរំខានដល់លទ្ធិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ហើយវាជាទង្វើមិនស្របតាមរដ្ឋធម្មនុញ្ញ និងខុសច្បាប់ ដែលគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន»។
លោកបានបន្ថែមថា «ខ្ញុំសូមអភ័យទោសដោយស្មោះ»។
ការសុំទោសនេះបានកើតឡើងមុនខួបមួយឆ្នាំនៃការប៉ុនប៉ងធ្វើច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល(Yoon Suk Yeol) នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដែលទទួលបរាជ័យ។
លោក ចូ ជីហូ (Cho Ji-ho) អតីតប្រធានទីភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង និងលោក គីម បុងស៊ីក (Kim Bong-sik) អតីតប្រធាននគរបាលទីក្រុងសេអ៊ូល បច្ចុប្បន្នកំពុងត្រូវបានកាត់ទោសពីបទដើរតួនាទីយ៉ាងសំខាន់ក្នុងការបះបោរមួយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





