ស្រីលង្កាដាក់ពង្រាយកងយោធាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះដោយសារព្យុះស៊ីក្លូន
AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសស្រីលង្កាបានដាក់ពង្រាយកងយោធាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកជួយសង្គ្រោះ និងការផ្តល់ជំនួយសង្គ្រោះ ខណៈដែលព្យុះស៊ីក្លូនឌីតវ៉ា(Ditwah) ដ៏សាហាវមួយបានវាយប្រហារប្រទេសកោះនេះចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្សចំនួន ៣៥៥នាក់ និងបាត់ខ្លួន ៣៦៦នាក់។
មន្ត្រីបាននិយាយថា មនុស្សចំនួន ១,១២លាននាក់មកពីជាង៣០៩.៦០៧គ្រួសារបានរងផលប៉ះពាល់ ខណៈដែលមជ្ឈមណ្ឌលសង្គ្រោះកំពុងផ្តល់ជម្រកដល់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅចំនួន១៨០.៤៩៩នាក់។
កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ប្រធានាធិបតីស្រីលង្កា លោក អាណូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ (Anura Kumara Dissanayake) បានប្រកាសពីភាពអាសន្ន និងបានអំពាវនាវរកជំនួយអន្តរជាតិដើម្បីឆ្លើយតបទៅនឹងការខូចខាតយ៉ាងខ្លាំងដែលបង្កឡើងដោយព្យុះស៊ីក្លូនឌីតវ៉ា។
រហូតមកដល់ពេលនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយចំនួន១០០.០០០ដុល្លារអាម៉េរក នេប៉ាល់ផ្តល់ជំនួយចំនួន ២០០.០០០ដុល្លារអាម៉េរិកអូស្ត្រាលីផ្តល់ជំនួយចំនួន ៦៥០.០០០ដុល្លារអាម៉េរិក និងម៉ាល់ឌីវផ្តល់ជំនួយចំនួន ៥០.០០០ដុល្លារអាម៉េរិក ខណៈដែលក្រុមសង្គ្រោះឥណ្ឌាដែលមានសមាជិក ៨០នាក់កំពុងស្ថិតនៅកន្លែងរងផលប៉ះពាល់រួចហើយ។
ប្រទេសជប៉ុន និងបង់ក្លាដែស ក៏កំពុងបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសស្រីលង្កាផងដែរ។
អាជ្ញាធរបានផ្អាកសកម្មភាពសិក្សាទាំងអស់នៅក្នុងសាកលវិទ្យាល័យនិងសាលារៀនរហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។
ឧទ្ធម្ភាគចក្រកងទ័ពអាកាសស្រីលង្កាមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែសមាជិកអាកាសយានិកទាំងអស់បានរួចផុតជីវិត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





