គោលការណ៍សំខាន់ៗផ្តល់ជូនដល់ជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥--គោលការណ៍សំខាន់ៗចំនួន៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានណែនាំជូនដល់ប្រតិភូកីឡា គ្រូបង្វឹក អត្តពលិកជម្រើសជាតិកម្ពុជា មុនពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

គោលការណ៍សំខាន់ៗទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ រយៈពេលពីរថ្ងៃ ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំណុចសំខាន់ៗ ដែលណែនាំជូនដល់សិក្ខាកាម ជាគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ រួមមាន៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយឱ្យការចូលរួមនេះវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះផ្នែកជំនាញ គឺការជំរុញឱ្យមានការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកទេស និងបញ្ចេញសមត្ថភាពក្នុងការប្រកួតឱ្យកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីស្វែងរកលទ្ធផលជ័យលាភីមេដាយជូនជាតិ។

វគ្គសិក្ខាសាលានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំស្ដីវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៍” មុនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ នៅថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។ វគ្គនេះមានគ្រូឧទ្ទេស៤នាក់ ដោយ១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡា គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិត្រៀម ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។
លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាព អំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន។ ក្នុងន័យនេះ លោកប្រធានសង្ឈឹមថា លោកគ្រូអ្នកគ្រូ កីឡាករ កីឡាការិនីនឹងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនីប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





